ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ប្រហារនៅសាធារណរដ្ឋ ឆែក និងអាមេរិក ស្លាប់ របួសជាច្រើន

ចែករំលែក៖

នៅថ្ងៃទី១០ខែធ្នូ គឺជាទិវាសិទ្ធិមនុស្សអន្តរជាតិ មានការបាញ់ប្រហារកើតឡើង នៅប្រទេសជាច្រើន ពិសេសគឺប្រទេសឆែកនិងអាមេរិក បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសរាប់សិបនាក់។

នៅប្រទេសឆែកជនដៃដល់បាញ់ប្រហារទៅលើ មនុស្ស៧នាក់ ក្រោយសម្រុកចូលក្នុងមន្ទីពេទ្យនៅទីក្រុង Ostrava ស្ថិតនៅភាគឦសាន នៃសាធារណរដ្ឋឆែកកាលពីថ្ងៃទី១០ ខែធ្នូ ។

លោក Jan Hamacek ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិ សាធារណរដ្ឋឆែក បានបញ្ជាក់ថា ការបាញ់ប្រហារកើតឡើងនៅ មន្ទីពេទ្យនៃមហាវិទ្យាល័យ ។ ចំណែកសារព័ត៌មាន CTK របស់ប្រទេសនេះបានផ្សាយថា ការបាញ៉ប្រហារ កើតឡើងនៅតំបន់រងចាំ ក្រៅមន្ទីពេទ្យ។

មកទល់ពេលនេះខ្មាន់កាំភ្លើងនៅមិនទាន់បានចាប់ខ្លួននៅឡើយទេ។ លោកJan Hamacek បានឲ្យដឹងថា កម្លាំងប៉ូលិសពិសេស មានទាំងឧទ្ធម្ភាគចក្រ បញ្ជូនទៅកាន់កន្លែងកើតហេតុ ស្វែងរកនិងចាប់ខ្លួនជនដៃដល់។ មន្ទីពេទ្យក៏ដូចជាសាលាមហាវិទ្យាល័យនៅក្បែរនោះត្រូវបានបិទទ្វារ ។

ប៉ូលិសឆែកបានប្រកាសឲ្យដឹងថា«នៅកន្លែងកើតហេតុ មានមនុស្ស៤នាក់ស្លាប់និងពីរនាក់ រងរបួសធ្ងន់។ ប៉ូលិសកំពុងតែរ៉ុករកចាប់ខ្លួនជនបង្ករហេតុ។ ប៉ូលិសបានស្នើដល់ពលរដ្ឋសហការផ្តល់ព័ត៌មាន ប្រសិនបើដឹងពីអត្តសញ្ញាណជនដៃដល់»។

ចំណែកនៅអាមេរិកវិញការបាញ់ប្រហារ បណ្តាលឲ្យមនុស្ស ៦នាក់ស្លាប់ ក្នុងនោះមានជនដៃដល់២នាក់និង មន្ត្រីប៉ូលិសម្នាក់។ហេតុការបាញ់ប្រហារគ្នានៅហាងលក់ទំនិញក្នុងទីក្រុង Jersey កាលពីរសៀលថ្ងៃទី១០ខែធ្នូ។ប៉ូលិសរាប់សិបនាក់ រួមទាំងកម្លាំងសន្តិសុខនៅក្នុងតំបន់ បានឡោមព័ទ្ធកន្លែងកើតហេតុ ។ សាសារៀនទាំងអស់នៅជិតកន្លែងកើតហេតុត្រូវបានបិទទ្វារ ហើយប៉ូលិសបានព័ទទីនោះ។

មកទល់ពេលនេះ មិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យបាញ់ប្រហារខាងលើនោះឡើយ។ រូបភាពពីកន្លែងកើតហេតុបង្ហាញឲ្យឃើញថា កម្លាំងសន្តិសុខ ជាច្រើនបានឡោមព័ទ្ធទីតាំងកើតហេតុ ហើយសាលារៀននៅក្នុងតំបន់នោះត្រូវបានបិទទ្វារផងដែរ។ ពលរដ្ឋត្រូវបានស្នើឲ្យចៀសចេញឆ្ងាយពីទីតាំងកើតហេតុ។

ប្រធានាធិបតីអាមេរិក ដូណាលត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter របស់លោក នៅពាក្យ បួងសួងដល់ជនរងគ្រោះ ក៏ដូចជាគ្រួសារ នៅក្នុងសោកនាដកម្មនេះ។រដ្ឋាភិបាលអាមេរិកនឹងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ក៏ដូចជាជួយដល់មន្ត្រីក្នុងតំបន់ដោះស្រាយ សោកនាដកម្មខាងលើ ។

ការបាញ់ប្រហារនៅអាមេរិក កើតឡើងជាបន្តបន្ទាប់ស្ទើរៀងរាល់ថ្ងៃ ហើយការបាញ់ប្រហារភាគច្រើនកើតចេញពីគំនុំផ្ទាល់ខ្លួន វិវាទកន្លែងធ្វើការជាដើម។ ក្រុមសន្តិសុខ អសមត្ថភាពក្នុងការទប់ស្កាត់ដោយសារតែ ពលរដ្ឋអាមេរិក ម្នាក់ៗមានសិទ្ធិប្រើប្រាស់កាំភ្លើង ៕


ចែករំលែក៖