ជប៉ុនគឺជាប្រទេសដែលរងគ្រោះធម្មជាតិខ្លាំងជាងគេបំផុតនៅលើពិភពលោក តែងតែប្រឈមនឹងគ្រោះធម្មជាតិរញ្ជួយដី ខ្យល់ព្យុះ ។ នៅពេលនេះជប៉ុនបន្តរងការរញ្ជួយដីកម្រិត ៦រ៉ិចទ័រ នៅលើកោះ Izu។
តាមការលើកឡើងរបស់ក្រុមអង្កេតអំពីការរញ្ជួយដីអឺរ៉ុប-មេឌីទែរ៉ាណេ (EMSC) បានបញ្ជាក់ កាលពីថ្ងៃទី១០ ខែធ្នូ ថា ការរញ្ជួយដីមួយ ទំហំ៦រ៉ិចទ័រ បានកើតឡើង នៅសមុទ្រប៉ាស៊ីហ្វិក ក្បែរដែនកោះ Izu របស់ប្រទេសជប៉ុន។
ការរញ្ជួយដីនេះ បានកើតឡើង នៅវេលាម៉ោង១៧ និង៥នាទី ម៉ោងនៅក្នុងតំបន់ ហើយចំណុចកណ្តាល ប្រហែល៥៨០គីឡូម៉ែត្រ នាភាគខាងត្បូង នៃទីក្រុងតូក្យូ ក្នុងជម្រៅ១៩គីឡូម៉ែត្រ ។ នេះបើតាមការផ្សាយរបស់គេហទំព័រ EMSC ។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ គេនៅមិនទាន់មានសេចក្តីរាយការណ៍ ស្ដីអំពីការខូចខាត ឬបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនៅឡើយ។
សូមរំឭកថា កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ការរញ្ជួយដីទំហំ៦.៣រ៉ិចទ័រ បានកើតឡើង នៅក្បែរដែនកោះ Honshu នាឈូងសមុទ្រ ភាគខាងត្បូង នៃប្រទេសជប៉ុន។ រីឯកាលពីដើមខែធ្នូ ឆ្នាំ២០១៩នេះ ការរញ្ជួយដីទំហំ៦.១រ៉ិចទ័រ បានកើតឡើង នៅតំបន់ Naze ខេត្ត Kagoshima ។ នេះបើតាមការលើកឡើងរបស់ក្រុមអង្កេតភូមិសាស្ត្រ និងការរញ្ជួយផែនដីរបស់អាមេរិក ហៅកាត់« USGS »។
ជប៉ុន ជាប្រទេសស្ថិតនៅចំណុចខ្សែក្រវាត់ភ្លើងផែនដី ជាហេតុនាំឲ្យមានការរញ្ជួយដី និងបំផ្ទុះភ្នំភ្លើងជាញឹកញាប់ ។ កាលពីឆ្នាំ២០១១ ការរញ្ជួយដីទំហំ ៩រ៉ិចទ័រ បានបង្កឲ្យមានរលកយក្សស៊ូណាមិ ដោយបានសម្លាប់មនុស្សជាង១៥០ ០០០នាក់ ដោយសារគ្រោះមហន្តរាយរោងចក្រនុយក្លេអ៊ែរ Fukushima ផងដែរ ៕