ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីនៃកម្ពុជា ៖ កំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែរីកលូតលាស់រឹងមាំក្រោមដំបូលសន្តិភាព

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅព្រលប់ថ្ងៃទី១២ ខែធ្នូ នេះ មានប្រសាសន៍ថា ច្បាស់ណាស់ កត្តាសន្តិភាព គឺ មានសារៈសំខាន់ខ្លាំងបំផុត ជាពិសេសសម្រាប់ប្រទេសកម្ពុជាដែលធ្លាប់បានឆ្លងកាត់សង្រ្គាម និង វិនាសកម្មនៃរបបប្រល័យពូជសាសន៍កន្លងមកដែលបានបំផ្លាញជីវិតមនុស្សរាប់លាននាក់ និង បានធ្វើអោយប្រទេសជាតិអន្តរាយធ្លាក់ក្រោមចំណុចសូន្យ ។ ពិតប្រាកដណាស់ “ មានសន្តិភាព ទើបពលរដ្ឋមានសិទ្ធិសេរីភាព , មានសន្តិភាព ទើបប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនទៅបាន” ។

សម្តេចតេជោ មានប្រសាសន៍ថា សន្តិភាពពេញលេញជាង២០ឆ្នាំមកនេះ គឺបានផ្តល់ឱកាសអោយកម្ពុជាបានកសាងអភិវឌ្ឍន៍សង្គមជាតិរីកចម្រើនដល់សព្វថ្ងៃ ដែលបានធ្វើអោយសេដ្ឋកិច្ចជាតិកាន់តែរីកលូតលាស់ជាមួយកំណើនក្នុងរង្វង់ប្រមាណ ៧.១% ដែលមានអត្រាអតិផរណាត្រឹមតែ ២.៥%ប៉ុណ្ណោះ ។

ក្រោមការដឹកនាំលើមាគា៍ និងទស្សនៈវិស័យច្បាស់លាស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានអនុវត្តន៍យុទ្ធសាស្ត្រ “ចុងខ្សែពីរនៃចំណងខ្សែមួយ” ដែលសំដៅលើការគ្រប់គ្រងស្ថានភាពនយោបាយអោយមានស្ថិរភាពល្អ និង គ្រប់គ្រងស្ថានភាពម៉ាក្រូសេដ្ឋកិច្ចអោយមានស្ថិរភាពរឹងមាំល្អកើនឡើងថែមទៀត។

គិតមកទល់ខែធ្នូ ២០១៩ នេះ ចំណូលដែលបានមកពីរដ្ឋករគយ បើតាមគម្រោងផែនការកំណត់ត្រូវប្រមូលឲ្យបាន ២,២៦០ លានដុល្លារ ។ ប៉ុន្តែមកដល់ត្រឹមថ្ងៃទី៩ ខែធ្នូ ២០១៩ នេះ គឺយើងប្រមូលបាន ៣,០១៣ លានដុល្លារ លើសផែនការប្រមាណ ៧៥៨ លានដុល្លារ (ស្មើនឹង៣៣.៥% ) ។ បើគិតជាមធ្យមចំណូលដែលមកពីរដ្ឋករគយ គឺប្រមូលបានប្រមាណ១០លានដុល្លារ ក្នុងមួយថ្ងៃៗ។ យើងនៅសល់ជិត២០ថ្ងៃទៀត ដែលមិនទាន់បានគិតបូកថែម ហើយដែលយើងរំពឹងថាចំណូលគយគឺនឹងកើនលើសផែនការប្រមាណជាង ៨០០លានដុល្លារ។

ចំពោះចំណូលពីអគ្គពន្ធដាវិញគឺមានផែនការប្រមូលអោយបានប្រមាណ ២,២៨៨ លានដុល្លារ។ ប៉ុន្តែមកទល់ពេលនេះ គឺប្រមូលចំណូលបាន ២,៦៣៤ លានដុល្លាររួចហើយ ដែលពេលនេះបានលើសផែនការប្រមាណ ៣៤៥ លានដុល្លារ។ សរុបក្នុងច្បាប់ផែនការថវិកា ពីរដ្ឋករគយ និងអគ្គពន្ធដាដែលបានដាក់ចេញគឺមានគម្រោងប្រមូលចំណូលប្រមាណ ៤,៥៤៨លានដុល្លារ ។

ប៉ុន្តែរហូតដល់ពេលនេះគឺប្រមូលបានប្រមាណ ៥,៦៥២ លានដុល្លារ ដែលប្រមូលបានលើសពីផែនការដែលបានកំណត់ប្រមាណ ១,១០៤ លានដុល្លាររួចស្រេចទៅហើយ។ បើយើងបូករួមទាំង២ខែមុនយើងអាចប៉ាន់ស្មានបានថានឹងចំណូលលើសផែនការគឺនឹងឈានដល់ ១,៣០០លានដុល្លារ ដែលជាថវិកាដ៏ល្អបានមកពីចំណូលសារពើពន្ធ ហើយដែលមិនទាន់បានបូកបញ្ចូលពីចំណូលមិនមែនសារពើពន្ធមានដូចជាចំណូលបានមកពីថ្លៃទិដ្ឋាការទេសចរណ៍, អាការយានដ្ឋាន, អាកាសចរណ៍,ប័ណ្ណចូលទស្សនាអង្គវត្ត និងពីដីកសិកម្ម(ដីសម្បទានសេដ្ឋកិច្ចដែលជួលទៅអោយឯកជនវិនិយោគ)… ។ល។

នៅពេលនេះ រាជរដ្ឋាភិបាលយើងមានថវិកាជាសាច់ប្រាក់ប្រមាណ ៣,៥០០លានដុល្លារ ដែលអាចប្រើប្រាស់បានភ្លាមៗ ដែលមិនបានរួមបញ្ចូលពីទុនបម្រុងអន្តរជាតិប្រមាណ ១៥ពាន់លានដុល្លារ និង មាសប្រមាណ៣០តោន ទៀតផង។

កម្ពុជាដែលបានដើរមកដល់ដំណាក់កាលនេះ គឺដោយសារមានការចូលរួមពីប្រទេសជាដៃគូ ដៃគូវិនិយោគឯកជន និងពីបងប្អូនជនរួមជាតិទាំងអស់គ្នា ដែលបានចូលរួមថែរក្សាការពារសន្តិភាព និងចូលរួមទទួលខុសត្រូវបង់ពន្ឋទាំងអស់គ្នា ដើម្បីកម្ពុជាកាន់តែរីកលូតលាស់ឆាប់រហ័សលឿនទៅមុខ៕ ចេស្តា


ចែករំលែក៖