ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូគ្រូពេទ្យគេចខ្លួនបាត់មិនបានមួយថ្ងៃផង សមត្ថកិច្ចតាមចាប់បានម្នាក់ ខណៈម្នាក់ទៀតកំពុងគេចខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូគ្រូពេទ្យម្នាក់ ខណៈទុកម៉ូតូបុកបន្ទប់ជួលហើយទៅចាក់ថ្នាំឲ្យអ្នកជំងឺកាលពីវេលាម៉ោង ៥ និង៤០ នាទី ព្រឹក នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្ទះជួល ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយព្យាយាមគេចខ្លួនរហូតដល់ម៉ោង២០ ថ្ងៃខែដដែល ទើបសមត្ថកិច្ចតាមចាប់បានម្នាក់ ចំណែកម្នាក់ទៀតគេចខ្លួនបាត់ ។

ជនសង្ស័យ ទី១ស៊ុម វាសនា ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះភូមិចោមចៅទី៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យទី២ ឈ្មោះ សិទ្ធ ភេទប្រុស អាយុប្រហែល២៥ឆ្នាំ ស្នាក់នៅ និងមុខរបរ មិនពិត ប្រាកដ (គេចខ្លួន) ។

ជនរងគ្រោះ មានឈ្មោះ ចាន់ ង៉េត ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរគ្រូពេទ្យ ស្នាក់នៅផ្ទះជួលភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ម៉ូតូដែលជនសង្ស័យលួចយកទៅបាត់នោះ ម៉ាកសង់សេ១២៥ ស៊េរី០១៥ ពណ៌ខ្មៅ មានស្លាកលេខភ្នំពេញ 1CV-8816 ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូចេញពីផ្ទះទៅចាក់ថ្នាំឲ្យអ្នកជំងឺនៅផ្ទះជួល ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដោយគាត់បានទុកម៉ូតូនៅមុខផ្ទះជួលអ្នកជំងឺហើយបានចូលទៅខាងក្នុងផ្ទះដើម្បីចាក់ថ្នាំ ។

ជនរងគ្រោះបានបន្តថា​ បន្ទាប់មកស្រាប់តែលឺសំឡេងបញ្ឆេះម៉ូតូ ជិះចេញទៅភ្លាមនោះរូបគាត់ក៏ចេញមកមើលទើបដឹងថា ចោរលួចយកទៅបាត់ ។

ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី១ ដើម្បីអន្តរាគមន៍ ។ បន្ទាប់ពីទទួលពាក្យបណ្តឹងរួចនគរបាលបានឆែកមើលកាមេរ៉ាសុវត្ថិភាពដែលនៅក្បែរទើបកំណត់មុខសញ្ញាបានរហូតចាប់ជនសង្ស័យម្នាក់ចំណែកម្នាក់ទៀតគេចខ្លួនបាត់ ។

បច្ចុប្បន្ន​ជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖