ភ្នំពេញ៖ ជនសង្ស័យមួយក្រុម មានគ្នា៤ទៅ៥នាក់ បានធ្វើសកម្មភាពដេញធាក់ម៉ូតូបុរសម្នាក់ បណ្ដាលឲ្យដួលរួចទាញកាំបិតប៉័ងតោកាប់គំរាមប្លន់យកម៉ូតូបានសម្រេច ហើយគេចខ្លួនបាត់ដោយសុវត្ថិភាពមិនរំខានដល់កម្លាំងនគរបាលប៉ុស្តិ៍ព្រៃស ។
ករណីប្លន់ម៉ូតូខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង៣៥នាទីយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវបេតុង ទល់មុខការ៉ាសសាំង លឹម ឡុង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ សែម ចាន់ថន ភេទប្រុស អាយុ ៣២ឆ្នាំ ជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ HG-4728 (ចោរប្លន់បានសម្រេច) មុខរបរបើករថយន្ត ស្នាក់នៅភូមិត្រពាំងវែង ឃុំវាស ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ។
យោងតាមប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានចេញពីត្រឡប់ទៅផ្ទះ ឯខេត្តកំពង់ស្ពឺ ដោយធ្វើដំណើរពីត្បូងទៅលិច ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ លេចមុខជនសង្ស័យមួយក្រុមជិះម៉ូតូ ២គ្រឿង មានគ្នា ៤ទៅ៥នាក់ មកធ្វើសកម្មភាពលើកជើងធាក់ម៉ូតូរបស់គាត់បណ្ដាលឲ្យដួល និងទាញកាំបិតប៉័ងតោគំរាមកាប់ ឃើញដូច្នោះរូបគាត់ភ័យស្លន់ស្លោ ក៏ព្យាយាមរត់យកតែរួចខ្លួន ។ ចំណែកម៉ូតូត្រូវបក្ខពួកជនសង្ស័យលើកជិះ ឆ្ពោះចូលក្នុងក្រុងភ្នំពេញ គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុប្រហែល មួយសន្ទុះទើបឃើញសមត្ថកិច្ច ចុះទៅដល់ទីតាំងខាងលើ នាំជនរងគ្រោះមកប៉ុស្តិ៍ ដើម្បីសាកសួរ និងឲ្យដាក់ពាក្យបណ្ដឹងតែប៉ុណ្ណោះ ៕ ភារ៉ា ដង្កោ