ប្រទេសជាច្រើនជុំវិញពិភពលោកបានចាត់វិធានការតឹងតែងបំផុត ទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ដោយប្រទេសមានព្រំដែនជាប់ចិន ក៏បានសម្រេច បិទច្រកព្រំដែន ក៏ដូចជា ផ្អាកការហោះហើរ ជាវិធានការទប់ស្កាត់ការឆ្លងរាលដាលយ៉ាងមានប្រសិទ្ធភាពបំផុត ។
ពេលនេះមន្ត្រីជប៉ុន បានសម្រេច ឲ្យនាវាទេសចរណ៍មួយគ្រឿង ដែលមានអ្នកទេសចរណ៍ប្រមាណ៤ពាន់នាក់នៅដាច់ដោយឡែក ដើម្បីត្រួតពិនិត្យថា តើមានអ្នកឆ្លងវីរុសកូរ៉ូណាដែរឬទេ ។
មន្ត្រីសុខាភិបាល បានឡើងទៅលើនាវាទេសចរណ៍ ដែលចតដាច់ដោយឡែក នៅក្នុងតំបន់ Yokoham ជិតទីក្រុងតូក្យូង ត្រួតពិនិត្យ និងវាស់កម្តៅ ខ្លាចមានអ្នកឆ្លងវីរុសកូរ៉ូណា ។
សកម្មភាពខាងលើកើតឡើង ក្រោយពេលពលរដ្ឋហុងកុងម្នាក់ មានវត្តមាននៅលើនាវាទេសចរណ៍ Diamond Princess ត្រូវបានគេរកឃើញថា បានឆ្លងវីរុសកូរ៉ូណា ក្រោយពេលឡើងដីគោកវិញ កាលពីថ្ងៃទី២៥ ខែមករា ។
ក្រសួងសុខាភិបាលជប៉ន បានប្រកាសឲ្យដឹងថា មានអ្នកទេសចរណ៍ ២៥០០នាក់ និង បុគ្គលិកនៅលើនាវា ១០០០នាក់ ។ នាវាទេសចរណ៍ខាងលើបានត្រឡប់ទៅផ្ទះវិញនៅYokohama ក្រោយទស្សនកិច្ច តំបន់មួយចំនួនដូចជាខេត្ត Kagoshima(ជប៉ុន) កោះហុងកុង តៃវ៉ាន់ និងកោះ អូគីណាវា ។
មន្ត្រីសុខាភិបាលបានបញ្ជាក់ថា អ្នកដែលមានអការៈក្តៅខ្លួនឬ ផ្តាសាយ និងត្រូវត្រួតពិនត្យស្វែងរក វីរុសកូរ៉ូណា ។
នៅគ្រប់ប្រទេសទាំងអស់ ជុំវិញពិភពលោកបានរឹតបន្តឹងការគ្រប់គ្រង ទប់ស្កាត់ឆ្លងរាលដាលនៃវីរុសកូរ៉ូណា ។ នៅពេលនេះវៀតណាមក៏បានសម្រេចបិទសាលារៀនទាំងអស់ទូទាំងប្រទេសទប់ស្កាត់ការឆ្លងរាលដាល បើទោះបីវៀតណាមទើបតែមានអ្នកឆ្លង៨នាក់ ប៉ុណ្ណោះ ។
កាលពីយប់ថ្ងៃទី ២ខែមករា រដ្ឋាភិបាលទីក្រុងហាណូយប្រកាសឲ្យសិស្សសាលាបន្តឈប់រៀន ជាបន្តទៀត ក្រោយឈប់ចូលឆ្នាំវៀតណាម រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ទើបចូលរៀនវិញ ។
នៅក្នុងសេចក្តីប្រកាសលេខ716/VPCP-KGVX ផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងអបរំ របស់ក្រសួងសុខាភិបាល បានស្នើរឲ្យសិស្សសាលាទាំងអស់ ឈប់រៀនជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ។
នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា សិស្សសាលា មតេយ្យ បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យទាំងអស់ និងត្រូវឈប់សម្រាក់ចាប់ពីថ្ងៃទី៣ ខែកុម្ភៈ ដល់ថ្ងៃទី៩ ខែកុម្ភៈ ហើយថ្ងៃទី១០ និងចូលរៀនវិញ ។ បច្ចុប្បន្នវៀតណាមមានករណីឆ្លងវីរុសកូរ៉ូណា៨នាក់ហើយ ៕