ខេត្តសៀមរាប៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះបង្រ្កាបគោយន្តកន្ត្រៃដឹកឈើល្មើសច្បាប់បានចំនួន២គ្រឿង នៅថ្ងៃទី១ និងទី២ ខែកុម្ភៈ ឆ្នាំ២០២០ យកទៅប្រគល់ឲ្យមន្រ្ដីរដ្ឋបាលព្រៃឈើ ។
លោកវរសេនីយ៍ទោ ម៉េង សំណាង នាយរងការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា ប្រតិបត្តិការនេះដឹកនាំបញ្ជាផ្ទាល់ពីលោកប្រធានការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងទទួលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តសៀមរាប ដោយប្រតិបត្តិការនេះមាន២លើក លើកទី១បង្ក្រាបនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី បានឈើមួយគោយន្តគ្រឿងឈើប្រមាណជា២ម៉ែត្រគូប ម្ចាស់ឈើមានឈ្មោះមាណ ខាន រស់នៅភូមិគោកឫស្សី ឃុំបល្ល័ង ស្រុកប្រាសាទបាគង ។ ទី២បង្ក្រាបនៅភូមិ យាងឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ម្ចាស់ឈើ គេចខ្លួនបាត់ដោយទម្លាក់ឈើទុកនៅផ្ទះអ្នកភូមិ មានឈើប្រភេទក្តាមានប្រមាណជាង៤ម៉ែត្រគូប ។
គួររម្លឹកផងដែរថា បច្ចុប្បន្នការដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារឆ្លងកាត់ឆ្ពោះមកកាន់ខេត្តសៀមរាប កំពុងកើតមានឡើងវិញដោយសង្ស័យសមត្ថកិច្ចជំនាញមួយចំនួននៅតាមដងផ្លូវជាអ្នកបើកដៃឲ្យបទល្មើសទាំងនេះ ចរាចរណ៍យ៉ាងរលូន ជាថ្នូរនឹងលាភសក្ការ ៕ ប៊ុនរិទ្ធី