ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបញ្ជូនយន្តហោះទម្លាក់គ្រាប់B-52ហោះក្បែរកោះតៃវ៉ាន់​

ចែករំលែក៖

សារព័ត៌មាន chanel news Asia ​បានបានដកស្រង់ប្រភពព័ត៌មានពីមន្ត្រីតៃវ៉ាន់បញ្ជាក់ថា យន្តហោះចម្បាំងអាមេរិកចំនួន ០៣គ្រឿង និងយន្តហោះទម្លាក់គ្រាប់បែក B-52 ចំនួន ០២គ្រឿងបានហោះក្បែរៗកោះតៃវ៉ាន់ បន្ទាប់ពីមានសេចក្តីរាយការណ៍កាលពីពេលថ្មីៗនេះថា យន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែករបស់ចិនជាច្រើនគ្រឿង បានហោះឆ្លងកាត់ច្រកសមុទ្រ នៅក្បែរកោះតៃវ៉ាន់កាលពីចុងសប្តាហ៍មុន ។

ទោះបីជាចិនមិនពេញចិត្ត និងធ្វើការព្រមានជាច្រើនដងក៏ដោយអំពីទំនាក់ទំនង រវាងកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក ក៏គ្រប់គ្នាបានដឹងថាអាមេរិក គឺនៅតែជាអ្នកជួយពីក្រោយខ្នង ដ៏សំខាន់បំផុតចំពោះកោះតៃវ៉ាន់ ។ តៃវ៉ាន់ និងអាមេរិកគ្មានទំនាក់ទំនងការទូតផ្លូវការនោះទេ តែសព្វាវុធដែលកោះតៃវ៉ាន់ប្រើប្រាស់ គឺទិញពីសហរដ្ឋអាមេរិកភាគច្រើនតែម្តង ។

កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ កងកម្លាំងទ័ពអាកាសតៃវ៉ាន់ បានបញ្ជាឱ្យយន្ដហោះចម្បាំងរបស់ខ្លួន ហោះតាមឃ្លាំមើលសកម្មភាពយន្ដហោះចម្បាំងចិនជាច្រើនគ្រឿង ដែលបានហោះជុំវិញដែនកោះតៃវ៉ាន់ ។ ក្រសួងការពារជាតិតៃវ៉ាន់បានឱ្យដឹងថា យន្ដហោះចម្បាំងចិន J-11 និងយន្ដហោះទម្លាក់គ្រាប់បែក H-6 បានហោះចូលក្នុងដែនអាកាសនៃច្រកសមុទ្របាស៊ី (Bashi) ឆ្ពោះទៅកាន់ភាគខាងត្បូងកោះតៃវ៉ាន់ ហើយបន្ទាប់មកបានហោះចេញឆ្ពោះ ទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក មុននឹងត្រឡប់ទៅកាន់មូលដ្ឋានទ័ពរបស់ខ្លួនវិញ កាត់តាមច្រកសមុទ្រ មីយ៉ាកុ (Miyako Strait) ដែលមានទីតាំងស្ថិតនៅចន្លោះកោះ Miyako និងអូគីណាវ៉ា (Okinawa) របស់ជប៉ុន និងភាគឦសានកោះតៃវ៉ាន់ ។

លើសពីនេះទៅទៀត ជាការឆ្លើយតបកងកម្លាំងទ័ពអាកាសតៃវ៉ាន់ បានបញ្ជាឱ្យយន្ដហោះចម្បាំង F-16 មួយគ្រឿង ហោះតាមឃ្លាំមើលសកម្មភាពយន្ដហោះចម្បាំងចិន ខណៈប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ ក៏បានបញ្ចេញរូបភាពយន្ដហោះ F-16 មានបំពាក់ដោយគ្រាប់មីស៊ីល ហោះតាមពីក្រោយយន្ដហោះទម្លាក់គ្រាប់បែក H-6 មួយគ្រឿងផងដែរ៕


ចែករំលែក៖