ប្រព័ន្ធផ្សព្វផ្សាយរបស់បារាំងបានផ្សាយថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានជ្រើសរើសបេក្ខជនកាន់តំណែងជាអភិបាលក្រុងប៉ារីសថ្មី បន្ទាប់ពីអភិបាលក្រុងបច្ចុប្បន្នជួបរឿងអាស្រូវផ្លូវភេទធ្ងន់ធ្ងរ ហើយបានដកខ្លួនចេញពីតួនាទីដ៏សំខាន់នេះ ។
នៅមិនដល់មួយខែទៀតប៉ុណ្ណោះ បារាំងនឹងបោះឆ្នោតថ្នាក់ឃុំ សង្កាត់ ហើយបើតាមការស្ទង់មតិឃើញថា គណបក្សកាន់អំណាច La République En Marche កំពុងធ្លាក់កូដខ្លាំងសម្រាប់ប្រជាជនរស់នៅទីក្រុងប៉ារីស ដោយសារតែអភិបាលក្រុង លោក Benjamin Griveaux មានជាប់វាក់វិនជាមួយរឿងអាស្រូវផ្លូវភេទធ្ងន់ធ្ងរ ។
លោក Benjamin Griveaux បានផ្ញើរូបថតផ្លូវភេទទៅកាន់ស្ត្រីមួយរូប ហើយរូបភាពទាំងឡាយនោះត្រូវបានបែកធ្លាយចែកចាយពាសពេញបណ្តាញទំនាក់ទំនងសង្គម ធ្វើឲ្យពលរដ្ឋបារាំងស្រងាកចិត្តយ៉ាងខ្លាំង ។ រឿងអាស្រូវមួយនេះ បាននាំឲ្យលោក Griveaux លុបចោលគម្រោងរៀបការរបស់ខ្លួនដែលខិតជិតមកដល់ ។ លោកក៏បានដកខ្លួនពីតំណែងអភិបាលក្រុងប៉ារីសផងដែរ ដើម្បីកុំឲ្យប៉ះពាល់នយោបាយធ្ងន់ធ្ងរដល់គណបក្សកាន់អំណាច La République En Marche ។
លោកប្រធានាធិបតី Macron បានសម្រេចជ្រើសរើសរដ្ឋមន្ត្រីក្រសួងសុខាភិបាល Agnes Buzyn ឲ្យក្លាយជាបេក្ខភាពអភិបាលក្រុងបារ៉ាសវិញ ។ លោកស្រី Buzyn បាននិងកំពុងលេចធ្លោខ្លាំងកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូរ៉ូណា ឬ COVID-19 នៅទីក្រុងប៉ារីស ដែលធ្វើឲ្យប្រជាពលរដ្ឋបារាំងមានការពេញចិត្តជាខ្លាំង ។
លោកស្រីBuzyn នឹងក្លាយជាអភិបាលក្រុងប៉ារីសថ្មី ក្រោយការបោះឆ្នោតឃុំ សង្កាត់ចាប់ផ្តើមនៅមិនដល់ពេលជាង១ខែទៀតនេះ ៕