ព័ត៌មានទាន់ហេតុការណ៍៖

ឆេះផ្ទះជួសជុលម៉ូតូស្លាប់កុមារីម្នាក់ក្នុងភ្នក់ភ្លើងនិងកុមារាម្នាក់រលាកភ្លើងរបួសធ្ងន់

ចែករំលែក៖

ខេត្តព្រៃវែង៖  អគ្គិភ័យមួយបានបំផ្លាញផ្ទះជួសជុលម៉ូតូមួយខ្នងខ្ទេចគ្មានសល់ ដោយសម្លាប់កុមារម្នាក់ក្នុងភ្នក់ភ្លើង និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានគេដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យគន្ធបុប្ផាឯរាជធានីភ្នំពេញភ្លាមៗ

ហេតុការណ៍មានអគ្គិភ័យនេះកើតឡើងកាលពីវេលាម៉ោង ១២ និង៣០នាទីរសៀលថ្ងៃ ចន្ទ ៩កើត ខែ ផល្គុន ឆ្នាំកុរ ព..២៥៦៣ ត្រូវនឹងថ្ងៃទី ២ ខែ មីនា ឆ្នាំ២០២០នៅតាមបណ្តោយផ្លូវជាតិលេខ១ ម្តុំផ្សារកអណ្តើក ក្នុងភូមិប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ប្រភពពីសមត្ថកិច្ចនគរបាល ស្រុកកំពង់ត្របែក បានឲ្យដឹងថា មុនពេលកើតហេតុ​នៅត្រង់ចំណុចផ្ទះកើតហេតុខាងលើ ដែលជាផ្ទះធ្វើអាជីវកម្មជួសជុលម៉ូតូមានទំហំ ៤ម៉ែត្រគុណ៦ម៉ែត្រ ដំបូលនិងជញ្ជាំងធ្វើពីស័ង្កសីនិងមានលក់សាំងដបផង។ ពេលនោះម្ចាស់ផ្ទះបានផ្សារដែកម៉ូតូនៅខាងមុខបណ្តាលឲ្យខ្ទាតកម្ទេចភ្លើងដល់ដបសាំងបង្កជាអគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅ ខណៈកូនៗប្រុសស្រីតូចៗ២នាក់ មានអាយុ ៣ឆ្នាំម្នាក់ និង៥ឆ្នាំម្នាក់ កំពុងដេកក្នុងផ្ទះប្រឡែងបងប្អូន ឯឪពុកម្តាយនៅខាងមុខលក់សាំងនិងជួសជុលម៉ូតូ

ប្រភពដដែលបានឲ្យដឹងទៀតថា ខណៈឃើញមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅយ៉ាងនេះ បុរសជាឪពុកស្លន់ស្លោក៏ស្ទុះចូលកាត់អណ្តាតភ្លើងទៅឆក់យកបានកូនប្រុសច្បងអាយុ៥ឆ្នាំយកមកខាងក្រៅ តែត្រូវរលាកភ្លើងរបួសធ្ងន់ទាំងឪពុកនិងកូនហើយត្រូវបានគេសង្រ្គោះដឹកតាមរថយន្តសាមុយទៅកាន់មន្ទីរពេទ្យឯរាជធានីភ្នំពេញ។ ចំណែកឯកូនស្រីអាយុ៣ឆ្នាំជួយមិនបានក៏ស្លាប់ក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័មតែម្តង

ខណៈកំពុងកើតហេតុនោះ មានរថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែកមួយគ្រឿងបានចេញទៅដល់ បាញ់ពន្លត់រលត់ជាស្ថាពរ គ្រាដែលផ្ទះមួយខ្នងនេះឆេះម៉ត់ទៅហើយ ៕ សហការី


ចែករំលែក៖