ព័ត៌មានទាន់ហេតុការណ៍៖

កូនប្រុសតិរិច្ឆាន ផឹកស្រាបៀរអស់ចំនួន ៧កំប៉ុង ទាញដំបងដែកវាយម្ដាយរបស់ខ្លួនឡើងជាំថ្ពាល់ និងក្បាលពោះ

ចែករំលែក៖

ភ្នំពេញ៖ កូនប្រុសតិរិច្ឆានម្នាក់ បន្ទាប់ពីផឹកស្រាបៀរអស់ចំនួន ៧កំប៉ុង បែរជាប្ដូរនិស្ស័យក្លាយទៅជាមន្សុសថ្លើមធំហ៊ានយកដំបងដែកវាយទៅលើម្ដាយបង្កើតរបស់ខ្លួនរងរបួសជាំថ្ពាល់ និងក្បាលពោះ ភ្លាមនោះអ្នកជិតខាងឃើញចាប់ប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ទួលសង្កែទី១ នាំយកមកសាកសួរដើម្បីចាត់ការតាមច្បាប់ ។

លោក នង សាប៊ុង នាយប៉ុស្ដិ៍ទួលសង្កែទី១ បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យ ដែលជាកូនបង្កហិង្សា ដោយយកដំបងដែកវាយទៅលើម្ដាយរបស់ខ្លួន បណ្ដាលឲ្យរងរបួសនេះ គឺធ្វើឡើង បន្ទាប់ពីទទួលបានពាក្យបណ្ដឹង កាលពីវេលាម៉ោង០៨និង៣០នាទី យប់ថ្ងៃទី០១ ខែមិនា ឆ្នាំ២០២០ ស្ថិតនៅចំណុចកើតហេតុផ្ទះលេខ៩បេ ផ្លូវបេតុង ក្រុម១៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។

លោកនាយប៉ុស្ដិ៍ បានឲ្យដឹងទៀតថា ជនសង្ស័យជាកូនមានឈ្មោះ តាំង វណា្ណ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ដូរ។ រីឯជនរងគ្រោះជាម្ដាយឈ្មោះ អ៊ូ ចំណាប់ អាយុ៥៧ឆាំ្ន ជនជាតិខែ្មរ មុខរបរលក់ដូរ អ្នកទាំង២ នាក់ ស្នាក់នៅផ្ទះជាមួយគ្នាចំណុចកើតហេតុខាងលើ ។

ប្រភពដដែលបន្តថា តាមដំណើររឿងមុនពេលកើតហេតុ គឺជនសង្ស័យ បានផឹកស្រាបៀអស់ ចំនួន៧កំប៉ុង ក្រោយផឹកអស់ហើយ ជនសង្ស័យក៏ចាប់ផ្ដើមរករឿងឈ្លោះប្រកែកគ្នា ជាមួយម្តាយរបស់ខ្លួន រហូតឈានទៅដល់ហឹង្សា ដោយវាយម្ដាយឡើងជាំថ្ពាល់ និងស្ទុះទៅយកដំបងដែកមកវាយលើម្តាយ បណ្ដាលឲ្យរងរបួសជាំត្រង់ក្បាលពោះបន្ថែមទៀត។ ភ្លាមៗ ដោយសារតែអ្នកក្បែរខាងឃើញហេតុការណ៍ ដ៍មិនគួរគប្បីបានកើតឡើងយ៉ាងដូច្នេះ ទើបសម្រេចទៅជួយឃាត់ និងរាយការទៅមសមត្ថកិច្ច និងឈានដល់ការឃាត់ខ្លួនជនសង្ស័យជាកូនតែម្ដង ។

បច្ចុប្បន្នជនដៃដល់រួមជាមួយវត្ថុតាងដំបងដែក ចំនួន១ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕ អារុណរះ


ចែករំលែក៖