ព័ត៌មានទាន់ហេតុការណ៍៖

ករណីជនជាតិចិន៣នាក់រស់នៅក្នុងខណ្ឌសែនសុខ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបញ្ជាក់ថា ពុំមែនករណី Covid- 19នោះទេ

ចែករំលែក៖

ភ្នំពេញ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ កាលពី ព្រឹកថ្ងៃទី០៦មីនា ឆ្នាំ ២០២០ បានជម្រាបជូនសាធារណៈជនថា ចំពោះករណីមានការភ្ញាក់ផ្អើលពីសំណាក់ប្រជាពលរដ្ឋ កាលពីថ្ងៃទី០៥ មីនា នេះលើបុរសជនជាតិចិន៣នាក់ រស់នៅបុរីមួយកន្លែងក្នុងខណ្ឌសែន សុខ គឺពុំមែនជាករណីផ្ទុកមេរោគ Covid-19 នោះទេ គឺដោយសារបុរសជនជាតិចិន៣រូបនោះ មានការភ័យខ្លាច បារម្ភដោយខ្លួនឯងតែប៉ុណ្ណោះ ពួក គាត់ពុំមានជំងឺអ្វីនោះទេ។
អ្នកនាំពាក្យបញ្ជាក់ថា៖ក្រោយពី ទទួលបានពីព័ត៌មានករណីខាងលើនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ បានបញ្ជាឲ្យលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងមន្រ្តីសុខា ភិបាល ព្រមទាំងអាជ្ញាធរមូល បានចុះ ទៅពិនិត្យមើលជាក់ស្តែងនៅក្នុងផ្ទះរបស់ជនជាតិចិន៣នាក់នោះកាលពីរាត្រីថ្ងៃទី០៥មីនា កន្លងទៅនេះ។បន្ទាប់ពីក្រុមប្រតិបត្តិការនៅធ្វើការ សាកសួររួច ផ្នែកជំនាញសន្និដ្ឋានថា គឺពុំមានទាក់ទងនិងវិរុសកូវិន១ (កូរ៉ូណា ទេ) និងក្រុមប្រតិបត្តិការបានផ្ដល់អនុសាសន៍ដល់ជនជាតិចិនទាំង៣នាក់ខាងលើឲ្យចេះអនាម័យពាក់ម៉ាសការពារពេលជួបមិត្តភក្តិដែលជាជនជាតិចិនដូចគ្នា ដែលមកពីប្រទេសចិន ពាក់ព័ន្ធតំបន់មានជំងឺ និងឲ្យចាប់អារម្មណ៍ពីអាការៈនៃជំងឺមានសភាពដូចជាក្អក ហៀរសំបោរ មាន កំដៅក្នុងខ្លួន៣៨អង្សា ពិបាកដក ដង្ហើម ។ ជនជាតិចិនចំនួន៣នាក់ខាងលើបាននិយាយថា៖ ថៅកែពួកគេបានហៅទូរស័ព្ទហៅគ្រូពេទ្យឯកជន នៅម្ដុំរតនផ្លាហ្សា (សង្កាត់ទឹកថ្លា) មកពិនិត្យមុនចូលធ្វើការងាររត់តុនៅភោជនីយដ្ឋានតែប៉ុណ្ណោះ។
លោក ម៉េត មាសភក្តី បានបញ្ជាក់ថា៖ ពាក់ព័ន្ធនឹងករណីខាងលើនេះខាងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នឹងបន្តតាមដានលើជនជាតិចំនួន៣នាក់ខាងលើទៀត។ ជាងនោះទៅទៀតពាក់ព័ន្ធនឹងស្ថានភាពសុខភាពប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ជាពិសេសពាក់ព័ន្ធជំងឹ Covid-19 គឺលោកអភិបាលរាជធានីភ្នំពេញ បានតាមដានយ៉ាងយកចិត្តដាក់បំផុត និងត្រៀមចាត់វិធានការជានិច្ចលើបញ្ហានេះ។
ជាមួយគ្នានេះដែរអ្នកនាំពាក្យសាលា រាជធានីភ្នំពេញបានអំពាវនាវ និងស្នើសុំដល់បងប្អូនប្រជាពលរដ្ឋមេត្តា កុំជឿលើព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ ដែលអាចនាំឲ្យបងប្អូនមានការយល់ច្រឡំដូចករណីខាងលើនេះ និងដូចករណីផ្សេងៗកន្លង មក និងសូមមេត្តាកុំបន្តចែកចាយនូវព័ត៌ មានដែលមិនមានប្រភព ប្រាកដ ប្រជា ដែលទង្វើនេះកាន់តែធ្វើឲ្យមានភ្ញាក់ ផ្អើលដល់ប្រជាពលរដ្ឋ៕ដោយ៖សំរិត


ចែករំលែក៖