ភ្នំពេញ ថ្ងៃទី៦ ខែមីនា ឆ្នាំ2020ក្នុងថ្ងៃនេះ ក្រុមហ៊ុនសែលកាតបានប្រារព្ធពិធីអបអរសាទរជាថ្មីម្តងទៀត នូវការទទួលពានរង្វាន់ Speedtest Award™ ជាលើកទី ៦ ប្រគល់ជូនដោយOokla®។ នេះបើយោងតាមការប្រកាសឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានជាផ្លូវការ ដែលប្រារព្ធឡើងនៅសណ្ឋាគារឡឺរ៉ូយ៉ាល់ក្នុងថ្ងៃនេះ។
ក្រុមហ៊ុនសែលកាតត្រូវបានបញ្ជាក់ទទួលស្គាល់ជាជ័យលាភីពានរង្វាន់Cambodia’s Speedtest Award Winner សម្រាប់ផ្នែកល្បឿនបណ្តាញទូរស័ព្ទចល័ត ដោយយោងតាមការធ្វើតេស្ត និងតាមដានត្រួតពិនិត្យរបស់ស្ថាបន័ Ookla ដោយប្រើប្រាស់ Speedtest® នៅចន្លោះខែកក្កដា ដល់ខែធ្នូ ក្នុងឆ្នាំ ២០១៩ ។
ក្រុមហ៊ុនសែលកាតនៅតែអាចបន្តកាន់កាប់ពានរង្វាន់នេះរហូតមកទល់ពេលបច្ចុប្បន្ន ដោយពានរង្វាន់លើកទី ១ បានទទួលនៅក្នុងខែមេសាក្នុងឆ្នាំ២០១៧ ពោលគឺបន្ទាប់ពីប្រព័ន្ធ 4G ត្រូវបានដាក់ពង្រាយយ៉ាងទូលំទូលាយជូនអតិថិជនប្រើប្រាស់។
Ookla គឺជាក្រុមហ៊ុនឈានមុខគេលើសកលលោក ជាមួយឯកទេសនៃការធ្វើតេស្តទៅលើកម្មវិធី ទិន្នន័យ និងការវិភាគ លើបណ្តាញទូរស័ព្ទចល័ត និងបណ្តាញអ៊ីនធើណិតថេរ។ Ookla នឹងផ្តល់ពានរង្វាន់ជូនដល់បណ្តាប្រតិបត្តិករទាំងឡាយណា ដែលបម្រើជូននូវបណ្តាញទូរស័ព្ទចល័តលឿនជាងគេបំផុតប្រចាំប្រទេសរបស់ខ្លួន។របាយការណ៍ផ្លូវការបានបង្ហាញថា ក្រុមហ៊ុនសែលកាតទទួលបានពិន្ទុល្បឿន ១៤.៩២ ជាមួយនឹងល្បឿនដោនឡូដជាមធ្យម ១៦,៣១ មេកាបៃក្នុង១វិនាទី (Mbps) និងល្បឿនផ្ទុកទិន្នន័យជាមធ្យម ១៤,៣២ មេកាបៃក្នុង១វិនាទី (Mbps)។
ក្រុមហ៊ុនសែលកាតបានឈរនៅលំដាប់កំពូលគេក្នុងតារាងពិន្ទុ ក្នុងរយៈពេលបីឆ្នាំជាប់គ្នា ដោយគម្លាតពិន្ទុបានឈ្នះដាច់ប្រតិបត្តិករផ្សេងៗយ៉ាងឆ្ងាយតែម្តង។
យោងតាមរបាយការណ៍ផ្តល់ជូនដោយ Ookla បានបង្ហាញថា បណ្តាញទូរស័ព្ទចល័តរបស់ក្រុមហ៊ុនសែលកាត មានល្បឿនលឿនដាច់គេនៅតាមទីក្រុងធំៗមួយចំនួន ដោយក្នុងនោះរួមមានរាជធានីភ្នំពេញ ក្រុងប៉ោយប៉ែត និងក្រុងស្រីស៊ីសុផុន ជាដើម។
លោក អៀន វ៉ាត់សុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានឱ្យដឹងថា ពានរង្វាន់នេះគឺជាសក្ខីភាពបញ្ជាក់ឱ្យកាន់តែច្បាស់នូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនសែលកាត ក្នុងការផ្តល់នូវល្បឿនអ៊ីនធើណិតដ៏លឿនបំផុតជូនដល់អតិថិជនទាំងអស់ដែលកំពុងមានតម្រូវការប្រើប្រាស់ខ្លាំង។
“តម្រូវការទិន្នន័យតាមទូរស័ព្ទកំពុងកើនឡើងយ៉ាងគំហុក នៅក្នុងប្រទេសកម្ពុជា ហើយកាលពីឆ្នាំកន្លងទៅនេះ កំណើននៃការប្រើប្រាស់ទិន្នន័យរបស់អតិថិជនក្រុមហ៊ុនសែលកាត បានកើនឡើងរហូតដល់ទៅ ១០០០% ឯណោះ។
លទ្ធភាពក្នុងការឈ្នះពានរង្វាន់ជាថ្មីម្តងទៀត គឺជាសមិទ្ធិផលដ៏អស្ចារ្យបំផុតមួយសម្រាប់សែលកាត។ ហើយទន្ទឹមនឹងនោះផងដែរ ក្រុមហ៊ុននឹងនៅតែបន្តខិតខំបម្រើជូនអតិថិជននូវសេវាកម្មប្រកបដោយគុណភាពល្អបំផុត ដើម្បីឈានទៅទាក់ទាញអតិថិជនឱ្យកាន់តែច្រើនឡើងមកប្រើប្រាស់បណ្តាញទូរស័ព្ទចល័តដ៏លឿនជាងគេបំផុតមួយនេះ៕