ជំងឺផ្លូវដង្ហើមថ្មី បង្កឡើងដោយវីរុសកូវីដ–១៩ បានឆ្លងរាលដល់ ៩៥ប្រទេសជុំវិញពិភពលោកនិងមនុស្សជា១សែននាក់បានឆ្លងជំងឺនេះ។ ដោយឡែកចំនួនអ្នកឆ្លងនៅក្នុងប្រទេសចិនថយចុះយ៉ាងខ្លាំង តែនៅក្រៅប្រទេសចិនបានកើនឡើងខ្ពស់គួឲ្យបារម្ភ ដោយមានប្រទេសចំនួន៩៥ហើយបានឆ្លងវីរុស COVID-19។
តាមតួលេខដែលបានប្រកាសនៅថ្ងៃទី៧ ខែមីនា ចំនួនអ្នកឆ្លង COVID-19 មានជាង១សែននាក់ហើយ ចំណែកអ្នកស្លាប់ក៏បានកើនឡើង៣៤០០នាក់ផងដែរ។ ប៉ុន្តែក៏មានអ្នកឆ្លងព្យាបាលជាសះស្បើយដល់ទៅ៥៥០០០នាក់ ដែលជាតួលេខល្អបំផុត។
ក្នុងចំណោមអ្នកឆ្លងជាង១សែននាក់ មាន៨០ភាគរយស្ថិតនៅក្នុងប្រទេសចិន ។ តាមតួលេខថ្មីចិនមានអ្នកឆ្លង៨០៧០០នាក់ក្នុងនោះ មាន៥៣៨០០បានព្យាបាលជាសះស្បើយ និងមានអ្នកស្លាប់ប្រមាណ ៣ពាន់នាក់ ។
ប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេ ក្រៅពីប្រទេសចិនមាន កូរ៉េខាងត្បូង មានអ្នកឆ្លង ៦៥៩៣នាក់ ស្លាប់ ៤២នាក់និងជាង ១០០បានព្យាបាលជាសះស្បើយ។
បន្ទាបពីកូរ៉េខាងត្បូង គឺប្រទេសអ៊ីរ៉ង់ មានអ្នកឆ្លង៤៧៤៧ ក្នុងនោះមាន អ្នកឆ្លង ៥០០នាក់ព្យាបាលជាសះស្បើយ ប៉ុន្តែក៏មានអ្នកស្លាប់ដល់ទៅ១២៤នាក់។
ចំណែកអ៊ីតាលី វិញក៏មានអ្នកឆ្លង ៣៨៥៨នាក់ ក្នុងនោះ មានអ្នកជាសះស្បើយ៤១៤ និងស្លាប់១៤៨នាក់ ។ ដោយឡែកប្រទេសជប៉ុន មានអ្នកឆ្លង១០៧៤នាក់ ក្នុងនោះមាន ២៤៨នាក់ជាសះស្បើយ និងស្លាប់ ១២នាក់។
ជាមួយគ្នានេះអង្គការសុខភាពពិភពលោកក៏បានអំពាវនាវដល់ បណ្តាប្រទេសទាំងអស់ត្រូវមានវិធានការតឹងតែងបំផុតដើម្បីទប់ស្កាត់ការឆ្លងរាលដាល យ៉ាងមានប្រសិទ្ធភាពបំផុត ៕ម៉ែវ សាធី