ភ្នំពេញ៖ បុរសម្នាក់មានជំងឺទឹកនោមផ្អែម និងមាឌធំ ដោយចង់ស្រកទំងន់ ខ្វៈការប្រឹក្សាពីក្រុមគ្រូពេទ្យ ឬវេជ្ជបណ្ឌិត បានសម្រេចចិត្តប្រើផលិតផលសម្រកទង្ងន់ ក៏ប្រតិកម្ម បណ្តាលអោយមានក្អួត និងធ្លាក់ឈាម ដួលសន្លប់បាត់បង់ស្មារតី ជួយអន្តរាគមន៍មិនទាន់ ក៏បានដាច់ខ្យល់ស្លាប់នៅមុខទ្វារផ្ទះរបស់ខ្លួនក្នុងបុរី រុងរឿង។ នេះបើតាមការអោយដឹងពីក្រុមគ្រួសារជនរងគ្រោះ ។
ហេតុការណ៍បង្កអោយមានការភ្ញាក់ផ្អើល បានកើតឡើងកាលពីវេលា ម៉ោង៣និង៣០នាទី រសៀល ថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០២០ នៅចំនុចផ្ទះលេខ B5 បុរី រុងរឿង ក្នុងភូមិ គៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
បើតាមសំដីក្រុមគ្រួសារជនរងគ្រោះបានអោយដឹងថា៖ បុរសខាងលើ មានឈ្មោះម៉ុន សុធារិទ្ធិ អាយុ៣៨ឆ្នាំ មានលំនៅ ភូមិបឹងអង្កាញ់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មកស្នាក់នៅផ្ទះម្តាយកន្លែងកើតហេតុ។ គាត់បានប្រើផលិតផលសម្រកទំងន់ម៉ាក ហ្វាយប័រ។
ប្រភពព័ត៍មានបានអោយដឹងថា៖ នៅមុនពេលកើតហេតុ បុរសរូបនោះ បាននៅផ្ទះតែម្នាក់ឯង ។ ដោយឡែកម្តាយទៅពិសារបាយនៅខាងក្រៅ ។ ខណៈនោះ បុរសនេះមានអាការៈមិនស្រួល ដោយមានករណីក្អួតចង្អោរ នៅក្នុងបន្ទប់ទឹក និងបានដើរចេញមកមាត់ទ្វារ ក៏នៅក្អួតបន្តទៀក៏អស់កម្លាំងដួលបណ្តាលអោយស្លាប់តែម្តង នឹងបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង។
លោក ម៉េង សារ៉ាត់ មេប៉ុស្តិ៍នគរបាលព្រែកលៀប បានអោយដឹងថា៖ ជនរងគ្រោះគាត់ មានជម្ងឺរលាកសន្លាក់ រលាកធ្លាយក្រពៈ ច្រើនមុខផង ទើបបណ្តាលអោយជួបរឿងអកុសលបែបនេះ។ ដោយឡែកលោក អធិការនគរបាលខណ្ឌជ្រោយចង្វា មិនអាចទាក់ទងបានទេ នៅល្ងាចថ្ងៃទី៩ ខែមីនា ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។ប្រភពព័ត៌មានពីក្រុមគ្រួសារ និងឪពុកបានអោយដឹងថា៖ កន្លង បុរសរូបនោះ ជាមនុស្សធាត់មាឌធំ និងមានជំងឺទឹកនោមផ្អែម ។នៅពេលថ្មីនេះដោយសាតែចង់ស្គមទើបកូនរបស់គាត់បានទិញផលិតផលសម្រកទង្ងន់ ម៉ាកហ្វាប័រ ហើយក៏បានស្រកដូចបំណងមែន តែមិនដឹងថា ឈានដល់គ្រោះថ្នាក់កើតឡើងនៅថ្ងៃនេះ។
សមត្ថកិច្ចជំនាញមិនទាន់បញ្ជាក់ពីមូលហេតុជនរងគ្រោះដាច់ខ្យល់ស្លាប់បណ្តាលមកពីមូលហេតុ អាការៈអីពិតប្រាកដនៅឡើយទេ។ ខណៈកំពុងធ្វើកោសល្យវិច្ឆ័យតាមជំនាញ។
លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ ធ្លាប់បានលើកឡើងក្នុងកិច្ចសំភាសន៍ដោយផ្ទាល់ជាមួយ«ទទក»កន្លងទៅថ្លែងថា៖ ផលិតផលលក់តាម Online មានចំនួន៨០%ជាផលិតផលក្លែងក្លាយ លោកអោយប្រជាពលរដ្ឋប្រុងប្រយ័ត្នអោយបានខ្ពស់ ខណៈជំនាញកំពុងតម្រូវអោយគាត់បង់ពន្ធ សុំច្បាប់អោយបានត្រឹមត្រូវ៕ ដោយ៖ជ្រោយពេជ្រ