ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះការតវ៉ារឿងតំណាងអយ្យការខេត្តកំពង់ឆ្នាំងបញ្ជាអោយចាប់ប្រជាពលរដ្ឋស្តែងៗពេក

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ កន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មិនតម្រូវអោយសមត្ថកិច្ច អាជ្ញាធរ ចេះតែចាប់ប្រជាពលរដ្ឋតាមតែចិត្តនោះទេ គឺមាននីតិវិធីដោះស្រាយ ទៅតាមជំនាញអោយសមស្របតាមច្បាប់។
ទីបំផុតនៅខេត្តកំពង់ឆ្នាំង ឈានដល់ប្រជាពលរដ្ឋផ្ទុៈការតវ៉ា ខណៈប្រជាពលរដ្ឋ៤នាក់ នៅស្រុកសាមគ្គីមានជ័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមបញ្ជារបស់ព្រះរាជអាជ្ញារងម្នាក់ បញ្ជូនមកតុលាការ ក្នុងរឿងទំនាស់ដីធ្លី ដែលគេសង្ស័យថា នេះជារឿងមិនប្រក្រតីណាមួយកើតឡើង។

គេបានរាយការណ៍មកថា៖ នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ តំណាងប្រជាពលរដ្ឋ ៦គ្រួសារ ដែលមានសមាជិកចំនួន ៣០នាក់ រស់នៅភូមិជំទាវជ្រែង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ បានលើកគ្នាមកសំណូមពរដល់តុលាការខេត្ត និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ជួយផ្តល់យុត្តិធម៌ ខណៈដែលលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តម្នាក់ បានដឹកនាំសមត្ថកិច្ច ចុះទៅចាប់ប្តីពួកគាត់ចំនួន៤នាក់ កាលពីរសៀលថ្ងៃទី៦ ខែមីនា យកមកទុកក្នុងស្នងការដ្ឋាននគរបាលខេត្ត ដោយចោទប្រកាន់ថា បានប្លន់យកដីរបស់គេចំនួន ១០ហិកតា ដែលតំណាងប្រជាពលរដ្ឋអះអាងថា ការចោទប្រកាន់នេះខុសពីរឿងពិត។
ក្នុងនោះ លោកស្រី អ៊ុត ហ៊ុន អាយុ៦០ឆ្នាំ បាននិយាយថា ពួកគាត់ចំនួន ៦គ្រួសារ បានកាន់កាប់ដីចំការដាំស្វាយ និងធ្វើស្រែចំនួន ១០ហិកតា នៅឆ្នាំ១៩៩៣ តពីឪពុកគាត់នៅចំណុចទំនប់រាំងជ័យ ក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ។
ដោយឡែកនៅក្នុងឆ្នាំ២០០៨ ពួកគាត់បានលក់ដីនេះចំនួន ៤,២០ហិកតា ឲ្យឈ្មោះ ទេព សាម៉ន នៅស្រុកកំពង់ត្រឡាច ប៉ុន្តែគេបានកក់លុយទិញដីតែ២០០ដុល្លារ ប៉ុណ្ណោះ គឺបាត់ខ្លួនរហូតទៅ១២ឆ្នាំ។ ស្រាប់តែក្រោយមកមិនដឹងថា គេលក់ដីនេះបន្តឲ្យអ្នកណាទេ ស្រាប់តែគេមកលើកព្រុំនៅពេលយប់ព័ទ្ធរបងយកដីទាំង ១០ហិកតានោះតែម្តង ដោយថាជាដីរបស់គេ តែអ្នកនោះពួកគាត់មិនបានដឹងឈ្មោះថាជាអ្នកណា នៅទីណាទេ។ ចំណែកដើមស្វាយរបស់គាត់ត្រូវគេលួចដកចោលអស់ផងដែរនៅពេលយប់។
ដោយឡែកនៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ បុរសជាប្តី និងជាបងប្អូនពួកគាត់ចំនួន ៤នាក់ រួមមាន៖ ឈ្មោះ ឯក មុនី អាយុ៥៦ឆ្នាំ, ឈ្មោះ អ៊ុត វេង អាយុ៥៦ឆ្នាំ ,ឈ្មោះ ជឹម មន អាយុ៥១ឆ្នាំ និងឈ្មោះ អ៊ុត ស៊ីណា អាយុ២៧ឆ្នាំ (ពិការជើង) ត្រូវបានលោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត បានដឹកនាំសមត្ថកិច្ចនគរបាល និងអាវុធហត្ថចំនួន ១២នាក់ ចុះទៅចាប់បញ្ជូនមកឃាត់ខ្លួននៅក្នុងស្នងការដ្ឋាននគរបាលខេត្ត។
ហេតុនេះហើយទើបពួកគាត់ លើកគ្នាមកតវ៉ាសំណូមពរដល់តុលាការដើម្បីផ្តល់យុត្តិធម៌ និងស្នើសុំដល់ថ្នាក់លើ ជួយអន្តរាគមន៍ឲ្យតុលាការដោះលែងប្តីពួកគាត់មកវិញ។
ទាក់ទងនិងរឿងនេះដែរ មន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្ត បានឲ្យដឹងថា រឿងនេះគឺលោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត ជាអ្នកដឹកនាំសមត្ថកិច្ចចុះទៅចាប់ខ្លួន បុរសជាជនសង្ស័យទាំង៤នាក់ នៅលើទីតាំងដីទំនាស់ ដោយបានចោទប្រកាន់ពីបទប្រើប្រាស់អំពើហិង្សាទៅលើអ្នកកាន់កាប់ អចលនទ្រព្យ ដោយសុចរិត (តាមច្បាប់ភូមិបាល)។ ប៉ុន្តែអ្នកដើមបណ្តឹង ដែលអះអាងជាម្ចាស់ដីខាលើនេះ ឈ្មោះអីនៅទីណានោះ គឺសមត្ថកិច្ចមិនបានដឹងទេ ចំពោះការងារខាងលើនេះគឺធ្វើតាមបញ្ជាលោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងតែប៉ុណ្ណោះ។

លោក ឡុង សុីថា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានប្រាប់អង្គភាព នគរវត្ត តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះថា៖ ការឃាត់ខ្លួនជនសង្ស័យគឺធ្វើតាមច្បាប់ ខណៈពួកគាត់លក់ដីអោយទៅគេតាំងពីឆ្នាំ២០០៨មកម្លេះ។ ប៉ុន្តែនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ពួកគាត់ក៏យកបង្គោល ដែកលួសទៅហ៊ុំព័ទ្ធដីនោះ រំលោភលើម្ចាស់កម្មសិទ្ធស្របច្បាប់។ លោកបន្តថា៖ ករណីលក់ដីអោយគេ ពួកគាត់បានទទួលលុយគ្រប់ ឬមិនគ្រប់ខ្ញុំមិនដឹងទេ តែខ្ញុំពិនិត្យលើឯកសារ គឺពួកគាត់មានឈ្មោះសាច់ញាតិ ឪពុកម្តាយបានលក់ទៅអោយដើមបណ្តឹងមានលិខិតស្នាមត្រឹមត្រូវ។ ពាក់ព័ន្ធដើម្បីឈ្មោះអី លោក ឡុង សុីថា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង មិនបានធ្វើអធិប្បាយពីអត្តសញ្ញាណទេ ដោយលោកគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា៖ ដើមបណ្តឹងអ្នកនៅភ្នំពេញ៕

ទោះជាយ៉ាងណាក៏ដោយ អាចមានការផ្ទុះតវ៉ាខ្លាំងពីប្រជាពលរដ្ឋ នៅក្នុងរឿងនេះ និងមានអ្នកកាសែតមកសំភាសន៍សួរនាំច្រើនផងនោះ នៅម៉ោង ១៥៖៣០នាទីល្ងាច បុរសទាំង០៤នាក់ ត្រូវបានតុលាការដោះលែងវិញ តែបានហាមមិនឲ្យពួកគាត់ទៅអាស្រ័យផល បំពានលើដីទំនាស់ខាងលើជាបន្តទៀតឡើយ។ ចំណុចនេះតំណាងអយ្យការដាក់គំនាបមកលើប្រជាពលរដ្ឋដដែល។

ដោយឡែកគោយន្តទាំង ៣គ្រឿង ក៏ត្រូវបានសមត្ថកិច្ចប្រគល់មកឲ្យម្ចាស់វិញផងដែរ តែសុំឱ្យមានលិខិតស្នាម ពីអាជ្ញាធរភូមិឃុំជាមុនសិន។ ចំណែកប្រជាពលរដ្ឋថា នឹងប្តឹងរឿងនេះទៅថ្នាក់ជាតិ ឲ្យជួយដោះស្រាយបន្តទៀត ដើម្បីផ្តល់យុត្តិធម៌ជូនពួកគាត់ ដោយសារតែពួកគាត់ បានអះអាងថា បានកាន់កាប់លើដីនេះ តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ។
មួយរយៈនេះឃើញថា មានលក្ខណៈផុសផុលពីប្រជាពលរដ្ឋ មន្ត្រីរាជការ បានប្តឹងសមត្ថកិច្ច បុគ្គលតុលាការ ជាបន្តបន្ទាប់ ខណៈធ្វើការតាមទម្លាប់ លំអៀង ពុករលួយ មិនយកច្បាប់ជាមូលដ្ឋាន៕

ដោយ៖ សហការី


ចែករំលែក៖