ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនសិស្សសាលាម្នាក់ តាមដីការបស់តុលាការ ពាក់ព័ន្ធករណីលួច

ចែករំលែក៖

ភ្នំពេញ៖ យុវសិស្សម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនតាមដីការបស់តុលាការ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃអង្គារ ២រោច ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះថា កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វុន សំណាង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរសិស្ស ទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលេខ៣៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៥និង២០នាទីល្ងាច  ។

លោកនាយការិយាល័យបន្តថា ជនសង្ស័យខាងលើនេះ បានប្រព្រឹត្តបទល្មើសលួចមានស្ថានទម្ងន់ទោស នៅចំណុចខាងមុខផ្ទះលេខ ២៧ ,២៨ ផ្លូវលេខ២៦១ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ។ហើយការចាប់ខ្លួនជនសង្ស័យដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៨១៩«ឆ១» ../១៩ចុះថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៩ ចេញដោយលោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់ ៕ស រស្មី


ចែករំលែក៖