ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ប្រជាពលរដ្ឋទម្លាយរឿងពុករលួយអធិការស្រុកឆ្លូង

ចែករំលែក៖

 

ប្រជាពលរដ្ឋស្រុកឆ្លូងបានធ្វើលិខិត១សន្លឹក ជូនអភិបាលស្រុកក៏ដូចជាប្រធាន ក្រុមប្រឹក្សាឆ្លូង ករណីអសកម្មរបស់លោកអធិការស្រុកឆ្លូង ឆុង តូរ៉ាន់ ដែលបណ្តោយឲ្យមានបញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសបញ្ហាបទល្មើសនៃការដឹកជញ្ជូន ឈើ ហើយលោកអធិការស្រុក ត្រូវប្រជាពលរដ្ឋចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយយកលុយកាក់ពីបទល្មើសទាំងនេះ។
លិខិតរបស់ប្រជាពលរដ្ឋបានឲ្យដឹងថា ការដឹកជញ្ជូនឈើយ៉ាងសកម្មតាមគោយន្ត រថយន្ត ឆ្លងកាត់ព្រែកចំលាក់ ឃុំកញ្ជរ ស្រុកឆ្លូង ឆ្លងកាត់ទៅស្រុកក្រូចឆ្មារ ជារៀងរាល់ថ្ងៃ។ ពួកឈ្មួញដែលជិតស្និទ្ធជាមួយលោកអធិការស្រុក ដូចជាលោក ប្រាក់ វណ្ណា, លោក ឡាយ វណ្ណា, លោក ឡាយ វណ្ណី… សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ឆុង តូរ៉ាន់ អធិការស្រុកឆ្លូង។ ពួកឈ្មួញចែកផលប្រយោជន៍ជាមួយលោកអធិការស្រុក និងសមត្ថកិច្ចជំនាញផ្សេងៗទៀត។ ក្រៅពីបទល្មើសនៃការដឹកជញ្ជូនព្រៃឈើ ក៏នៅមានវង់ល្បែងស៊ីសងជាច្រើនប្រភេទ ជាពិសេសសង្វៀនជល់មាន់២កន្លែងនៅ ចំណុចបុស្សខ្នុរ ឃុំកញ្ជរ និងចំណុចសណ្តែកដី ឃុំពង្រ ស្រុកឆ្លូង… ល្បែងស៊ីសង ច្រើនប្រភេទទៀត ក្នុងមូលដ្ឋានស្រុកឆ្លូង កើតមានព្រោងព្រាត បង្កការព្រួយបារម្ភដល់ ពលរដ្ឋក្នុងសហគមន៍ ប៉ុន្តែវាជាប្រភពហិរញ្ញវត្ថុរបស់លោកអធិការ។
ប្រជាពលរដ្ឋនិយាយថា រឿងរ៉ាវការដឹកជញ្ជូនព្រៃឈើ, ល្បែងស៊ីសងបានកើតមាន ជាយូរមកហើយ ប៉ុន្តែអាជ្ញាធរស្រុកហាក់ដូចជាមិនបានយកចិត្តទុកដាក់ បន្ធូបន្ថយ សេចក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋនោះឡើយ។ អាជ្ញាធរ ពោលគឺអភិបាលស្រុក ក៏ដូចជាថ្នាក់ដឹកនាំខេត្ត, មេប៉ូលិសខេត្ត មិនបានដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋទេ គឺជឿតាមតែការលើកឡើងរបស់លោកអធិការស្រុក។ ដូច្នេះប្រជាពលរដ្ឋស្នើរសុំក្រសួងមហាផ្ទៃ ក៏ដូចអគ្គស្នងការនគរបាលជាតិ មេត្តាជួយសម្រួលកាត់បន្ថយសេចក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋខ្លះផង។ ពោលគឺបើមិនជួយណែនាំលោកអធិការទេ ក៏ជួយបញ្ចុះកម្លាំងទៅបង្ក្រាបទល្មើសទាំងនោះផង៕


ចែករំលែក៖