ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងល្បែងស៊ីសងអិនធើណេតហ្គេមបាញ់ត្រី នៅសង្កាត់បឹងទំពុនទី២ បើកទូលាយអោយភ្ញៀវចូលលេង

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់បឹងទំពុនទី២ មានការព្រួយបារម្ភចំពោះទីតាំងអិនធើណេតបង្កប់ហ្គេមបាញ់ត្រីចំនួន២ទូ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលធ្វើឲ្យពួកគាត់បារម្ភយ៉ាងខ្លាំងព្រោះអាចសម្បូរ ទៅដោយសំបុកចោរលួច ឆក់ ប្លន់ និងគ្រឿងញៀនជាក់ជាមិនខាន ។ ទីតាំងបង្កប់ល្បែងស៊ីសងអ៊ីនធឺណែតនិងហ្គេមបាញ់ត្រីស្ថិតតាមផ្លូវ២៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅមិនឆ្ងាយពីភ្នែក ច្រមុះ អាជ្ញាធរ សមត្ថកិច្ចនោះឡើយ។

ទីតាំងបង្កប់ល្បែងស៊ីសងអិនធើណេត និងហ្គេមបាញ់ត្រីមិនមានស្លាកយីហោនោះទេ គឺមានទ្វារដែកពណ៌ក្រហម បង្ហើបទ្វារកញ្ចក់មួយផ្ទាំង សម្រាប់ទទួលភ្ញៀវរបស់ខ្លួនចេញចូលមិនដែលដាច់នោះទេ ។ ប្រជាពលរដ្ឋមានការព្រួយបារម្ភនិងកូនចៅរបស់ខ្លួនអាចភ្លេចសាលារៀន វក់គ្រឿងញៀន ខណៈសំបូរសមាសភាពប្លែកៗមកចូលលេង។

បើតាមប្រភពច្បាស់ការណ៍បានឲ្យដឹងថា ៖ទីតាំងអិនធើណេត បង្កប់ហ្គេមបាញ់ត្រីខាងលើមានអាងខ្សែខ្នងធំៗដែលមានលោកមេប៉ុស្តិ៍បឹងទំពុនទី២ ជាអ្នកមើលថែយ៉ាងល្អផងដែរ ទើបទីតាំងបង្កប់ល្បែងស៊ីសងមួយនេះដំណើរការយ៉ាងរលូននឹងមានភាពកក់ក្តៅជានិច្ច ។

ជាមួយគ្នានោះដែរ មេប៉ុស្តិ៍បឹងទំពុន២ ក៏បានទទួលស្គាល់ថាទីតាំងខាងលើមានបង្កប់ល្បែងស៊ីសងអិនធើណេត និងហ្គេមបាញ់ត្រីពិតប្រាកដមែនហើយលោកក៏បានធ្វើរបាយការណ៍ជូនទៅលោកអធិការម៉េង វិមានតារា និងលោកពេជ្រ កែវមុនីអភិបាលខណ្ឌមានជ័យរួចរាល់ហើយដែរ។

ប្រជាពលរដ្ឋពួកគាត់សំណូមពរដល់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ក៏ដូចជាលោកអភិបាលខណ្ឌមានជ័យមេត្តាចាត់វិធានការចំពោះម្ចាស់ទីតាំងណេតបង្កប់ហ្គេមបាញ់ត្រីដែលគ្មានស្លាកយីហោនេះផង ដើម្បីអោយការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព មានប្រសិទ្ធភាព៕ស រស្មី


ចែករំលែក៖