ព្រឹត្តិការណ៍បាល់ទាត់ទ្វីបអឺរ៉ុបឆ្នាំ២០២០ (Euro 2020) ត្រូវបានលើកពេលរហូតដល់ឆ្នាំ២០២១ ដោយសារតែការរាតត្បាតរបស់មេរោគកូវីដ១៩។
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប បានធ្វើការសម្រេចចិត្តលើកពេលនេះធ្វើឡើងក្នុងកិច្ចប្រជុំបន្ទាន់តាមវីដេអូខន់ហ្វើរិន (Video Conference) ជាមួយភាគីពាក់ព័ន្ធទាំងអស់កាលពីថ្ងៃទី១៧ ខែមីនា ។
ការផ្អាកនេះដើម្បីទុកឱកាសដល់បណ្ដាលីកនានាក្នុងទ្វីបអឺរ៉ុបឱ្យបានលេងចប់រដូវកាល២០១៩–២០២០។ ការប្រកួត play-off Euro 2020 និងមិត្តភាពក្នុងទ្វីបអឺរ៉ុប ដែលគ្រោងធ្វើនៅខែមីនានេះ ត្រូវបានលើកទៅខែមិថុនាវិញ។ ចំណែក FIFA បាននិយាយថា ពាន FIFA Club World Cup រូបមន្តថ្មី២៤ក្រុមដែលគ្រោងធ្វើនៅចិនក្នុងខែមិថុនាឆ្នាំ២០២១ ត្រូវបានផ្អាកហើយកាលបរិច្ឆេទថ្មីនឹងត្រូវប្រកាសនៅពេលបន្ទាប់។ FIFA ក៏នឹងបរិច្ចាគ១០លានដុល្លារដល់អង្គការ សុខភាពពិភពលោក WHO ផងដែរដើម្បីប្រយុទ្ធនឹងមេរោគកូវីដ១៩។
ព្រឹត្តិការណ៍យូរ៉ូឆ្នាំ២០២០គ្រោងធ្វើពីថ្ងៃទី១២ខែមិថុនាដល់១២ ខែកក្កដានៅ១២ប្រទេសផ្សេងគ្នា ប៉ុន្តែឥឡូវនឹងលើកទៅធ្វើពីថ្ងៃទី១១ ខែមិថុនាដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១វិញ។
សូមជម្រាបថា Euro 2020 ឆ្នាំក្រោយនឹងជាន់ពេលជាមួយព្រឹត្តិការណ៍Women’s European Championship, Nations League និង Euro U21 ដែលគ្រោងធ្វើនៅរដូវក្ដៅឆ្នាំក្រោយដែរ តែ UEFA អះអាងថា នឹងរៀបចំកាលវិភាគសាថ្មីសម្រាប់ព្រឹត្តិការណ៍ទាំងនេះ។
ដោយឡែកព្រឹត្តិការណ៍ Copa America 2020 ក៏ត្រូវបានលើកទៅឆ្នាំ២០២១ដែរ ៕ ដោយ៖ភិរក្ស