ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះតាមក្របួចជនសង្ស័យម្នាក់ពាក់ព័ន្ធអំពើឃាតកម្ម

ចែករំលែក៖

ខេត្តតាកែវ៖ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដោយជាប់ពាក់ព័ន្ធអំពើមនុស្សឃាត ។
ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យរូបនេះធ្វើឡើង កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃពុធ ១០រោច ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នៅចំណុចភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ជាកន្លែងដែលជនសង្ស័យមកសម្ងំលាក់ខ្លួន ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឈិន លី ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិត្រពាំងកោះ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។
ការឃាត់ខ្លួននេះ ធ្វើទ្បើងតាមដីកាបញ្ជាឱ្យចូលខ្លួនលេខ០១៨ ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ របស់សាលាដំបូងខេត្តតាកែវ ពីបទឃាតកម្ម ប្រព្រឹត្តកាលពីថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២០ នៅចំណុចភូមិអង្គត្រាវ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។

ជនសង្ស័យឈ្មោះឈិន លី ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមផ្លូវច្បាប់បន្ត ។

យ៉ាងណា សមត្ថកិច្ចជំនាញបានអះអាងថា កំពុងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្ខពួក ដែលនៅសេសសល់ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ជាបន្តទៀត ៕ ដោយ៖ ប្រាថ្នា


ចែករំលែក៖