ភ្នំពេញ៖ ពាក់ព័ន្ធនឹងលោក អ៊ុច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ពុករលួយ កេងលើកម្លាំងញើសឈាមបុគ្គលិក មន្ត្រីរាជការ យកប្រយោជន៍បំពេញតម្រូវការខ្លួនឯង ពីចំណូលច្រកចេញចូលតែមួយ ឈានដល់មន្ត្រីប្តឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ។ ដោយក្នុងពាក្យបណ្ដឹងនោះ បានរៀបរាប់ប្រាប់ អង្គភាពប្រឆាំងអំពើពុករលួយថា អភិបាលខេត្តតាកែវ មិនបែងចែកភាគលាភ ដែលបានមកពីការផ្ដល់សេវា នៃច្រកចេញចូលតែមួយ ដល់បុគ្គលិកនោះទេ ធ្វើឲ្យមានការថ្នាំងថ្នាក់ ចំពោះមន្ត្រីរាជការមួយចំនួន។
ដោយឡែក អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២០ ខែមីនាឆ្នាំ២០២០ បានចេញផ្សព្វផ្សាយ លិខិតមួយច្បាប់ ទាក់ទងនឹងពាក្យបណ្ដឹង ចោទប្រកាន់អភិបាលខេត្តតាកែវ ពាក់ព័ន្ធនឹងប្រាក់រង្វាន់ លើកទឹកចិត្ត ដល់មន្ត្រីរាជការ ដែលបម្រើការងារ នៅច្រកចេញចូលតែមួយ ។
អង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងថា ពាក្យប្ដឹងនៅថ្ងៃទី២៩ ខែមករាឆ្នាំ២០២០ បានរៀបរាប់ថា ចាប់តាំងពីពេលដំណើរការ រហូតមកដល់បច្ចុប្បន្ន អង្គភាពច្រកចេញចូលតែមួយ រដ្ឋបាលខេត្តតាកែវ បានប្រមូលថ្លៃបង់សេវា ប៉ុន្តែថ្នាក់ដឹកនាំខេត្តតាកែវ មិនបានយកប្រាក់ ដែលបានមក ពីការផ្ដល់សេវាទាំងនោះ មកបែងចែកជាប្រាក់រង្វាន់ ដល់មន្ត្រីរដ្ឋបាលខេត្តតាកែវ ក្នុងមួយខែម្ដងៗ តាមសេចក្តីសម្រេច របស់ក្រសួងមហាផ្ទៃ ឬតាមអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានោះទេ។ ការដែលមិនបាន ចែកភាគលាភនេះ បានធ្វើឲ្យប៉ះពាល់ ដល់មន្ត្រីរដ្ឋបាលសាលាខេត្តទាំងមូល និងមន្ត្រីរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងខេត្តតាកែវផង។
អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ទៀតថា នៅថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ ២០២០ លោកអ៊ូច ភា អភិបាលខេត្តតាកែវ បានបំភ្លឺមក អង្គភាពប្រឆាំងអំពើពុករលួយ ដោយបានរៀបរាប់ថា អង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្ត បានបើកឲ្យដំណើរការ ចាប់តាំងពីថ្ងៃទី ២៣ខែកក្កដា ឆ្នាំ ២០១៨ នឹងបានទទួល ប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពី ការប្រើប្រាស់សេវា។
អភិបាលខេត្តតាកែវ បានបញ្ជាក់ថា ការដែលមិន បានបែងចែក ប្រាក់រង្វាន់តាមខែនីមួយៗ តាមគោលការណ៍ណែនាំ របស់ក្រសួងមហាផ្ទៃ ដោយសារប្រាក់រង្វាន់ ដែលជាចំណែករបស់ រដ្ឋបាលខេត្តផ្ទាល់ ប្រចាំខែនីមួយៗ មានចំនួនតិចតួច មន្ទីរវិស័យមួយចំនួន បានបើកផ្ដល់ ឲ្យសាលាខេត្ត ក្នុងមួយឆ្នាំម្ដង និងមានសំណូមពរ ពីមន្ត្រីភាគច្រើន សូមឱ្យធ្វើការបែងចែក ប្រាក់រង្វាន់ជាប្រចាំឆ្នាំ ទើបរដ្ឋបាលខេត្តតាកែវ ធ្វើការរៀបចំបែងចែក ប្រាក់រង្វាន់ជូន មន្ត្រី បុគ្គលិកម្នាក់ៗ ជាប្រចាំឆ្នាំវិញ។
មន្ត្រីរាជការបានលើកឡើងថា៖ ការបកស្រាយរបស់ លោក អ៊ុច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ មិនសមហេតុផល ហើយខ្វៈការទទួលខុសត្រូវ ក្នុងនាមជាប្រធានអង្គភាព មេដឹកនាំ ខ្លួនពុករលួយ បំពានទៅនឹងសេចក្តីសម្រេច របស់ក្រសួងមហាផ្ទៃ ឬតាមអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាកំហុសធ្ងន់ធ្ងរបំផុត ។
មិនគួរប្រើពាក្យថា បើករង្វាន់លើកទឹកចិត្តក្នុង១ឆ្នាំម្តង តាមទំនើងចិត្តខ្លួនឯងឡើយ៕ សហការី