បើទោះបីអាមេរិក កំពុងតែប្រយុទ្ធប្រឆាំងនិងការឆ្លងរាលដាល នៃវីរុស កូវីដ-១៩ តែវិស័យយោធា សព្វាវុធរបស់អាមេរិក មិនរងផលប៉ះពាល់នោះឡើយ ដោយអាមេរិក បានសាកល្បងមីស៊ីលឆ្លងទ្វីបល្បឿនលឿន បំពាក់ក្បាលគ្រាប់បរមាណូ ។
មន្ទីរបញ្ចកោណអាមេរិកបានប្រកាសថា បានសាកល្បងដោយជោគជ័យមីស៊ីលល្បឿនលឿនអាចបំពាក់ក្បាល់គ្រាប់បរមាណូ។ សកម្មភាពខាងលើនិងជំរុញឲ្យមានការប្រកួតប្រជែងរវាង មហាអំណាចយោធានៅលើពិភពលោក។
ការសាកល្បងធ្វើឡើង នៅទីតាំង ស្ថិតនៅលើកោះ ហាវៃ កាលពីថ្ងៃទី២០ខែមីនា ។ សារព័ត៌មាន South China morning post បានដកស្រង់ប្រភពព័ត៌មានពីក្រសួងការពារជាតិអាមេរិកបញ្ជាក់ថា មីស៊ីលដែលបានសាកល្បងនោះមានល្បឿនលឿនជាងសំឡេងដល់ទៅ៥ដង។ ជាមួយនិងល្បឿនខាងលើ ប្រព័ន្ធការពារមិនអាច វាយស្ទាក់ទាន់ពេលវេលានោះឡើយ។ គោលដៅរបស់អាមេរិក គឺផលតមីស៊ីល អាច វាយប្រហារពីជើងទម្រលើដី ឬវាយប្រហារ ពីយន្តហោះចម្បាំង ។
លោក Johnny Wolfe ប្រធានកម្មវិធីអាវុធយុទ្ធសាស្ត្រ អាមេរិកបានលើកឡើងថា «ថ្ងៃនេះ យើងបានសាកល្បងជោគច័យ ហើយយើងនឹងបន្តដំណាក់កាលបន្ទាប់ទៀត នៅអាវុធល្បឿនលឿននេះ»។
មន្ទីរបញ្ចកោណអាមេរិក កំពុងតែខិតខំ ដើម្បី តាមឲ្យទាន់រុស្ស៊ី និងចិន ពីបច្ចេកវិទ្យាអាវុធល្បឿនលឿន។ តាមគម្រោងនៅក្នុងឆ្នាំ២០២១ ក្រសួងការពារជាតិអាមេរិក នឹងចំណាយប្រាក់៣,២ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍន៍មីស៊ីលល្បឿនលឿន មានសម្ថភាពវាយលុកនៅក្នុងឆ្នាំ២០២៣។
កាលពីខែធ្នូ ឆ្នាំ២០១៩ រុស្ស៊ីបានប្រកាសថា បានសាកល្បង មីស៊ីលល្បឿនលឿន Avangard ដោយជោគជ័យហើយបានដាក់ឲ្យប្រើប្រាស់ក្នុងកម្លាំងយោធា ។
ចំណែកចិនវិញក៏បានបង្ហាញមីស៊ីលល្បឿនលឿន DF-17 ក្នុងពិធីដង្ហែរក្បួនយោធា កាលពីខែតុលាឆ្នាំ២០១៩ ផងដែរ។ ម៉ែវ សាធី