ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូបានសម្រេច ត្រូវម្ចាស់ឃើញទាន់ចាប់បានម្នាក់ ម្នាក់ទៀតគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនបន្ទាប់ពីរូបគេនិងបក្ខពួកនាំគ្នា ធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋបានសម្រេចហើយ ប្រុងជិះគេចខ្លួនក៏ត្រូវម្ចាស់ចេញមកទាន់ស្រែកឆោឡោផ្អើលអ្នកជិតខាងនិងសមត្ថកិច្ចនាំគ្នាក្របួចជាប់ ។

ករណីឃាត់ខ្លួនចោរលួចខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី២១ខែមីនា ឆ្នាំ២០២០ នៅមុខផ្ទះគ្មានលេខ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនសង្ស័យឃាត់ខ្លួន ឈ្មោះ តាំង សុធា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាមមុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។ចំណែកជនរងគ្រោះឈ្មោះសៅ សោភ័ណ្ឌ ភេទ សរី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រោងចក្រកាត់ដេរ ស្នាក់នៅភូមិសង្កាត់កើតហេតុ។

តាមប្រភពពីមន្រ្តីនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះ បានទុកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ ១HO-៥២៣៤ ត្រង់ចំណុចកើតហេតុ ដោយទុកកូនសោជាប់នឹងម៉ូតូ រួចដើរចូលទៅទិញទឹកកក ស្រាប់តែមានជនសង្ស័យ០២នាក់ ឈ្មោះ តាំង សុធា និងឈ្មោះរតនា ជិះម៉ូតូម៉ាក ហុងដាសេ១២៥ពណ៌ខ្មៅ មិនចាំផ្លាកលេខ មកឈប់ក្បែរ រួចជនសង្ស័យឈ្មោះ តាំង សុធា ដើរមកលួចម៉ូតូជនរងគ្រោះជិះគេចខ្លួន ភ្លាមៗនោះ ជនរងគ្រោះឃើញ ក៏ស្រែកចោរៗ ហើយអ្នកជិតខាងក៏នាំគ្នា ចាប់ជនសង្ស័យបានម្នាក់ ឈ្មោះ តាំង សុធា រួមនឹងវត្ថុតាងម៉ូតូ០១គ្រឿងជារបស់ជនរងគ្រោះ ប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ស រស្មី


ចែករំលែក៖