ខេត្តសៀមរាប៖ រថយន្តមួយគ្រឿងដឹកឈើណែនក្តន់ពេញរថយន្តនៅសល់តែកន្លែងអ្នកបើកបរអង្គុយប៉ុណ្ណោះ លុះពេលបើកដល់ពាក់កណ្តាលផ្លូវដោយទំនងផ្ទុកឈើធ្ងន់ហួសចំណុះបណ្តាលឲ្យបែកកង់ម្ខាងក្រឡាប់ធ្លាក់ពីផ្លូវក្រឡាប់ចូលប្រឡាយ តែសំណាងល្អអ្នកបើកបររងរបួសស្រាលរត់គេចខ្លួនបាត់ ។
ហេតុការណ៍នោះបានកើតឡើងនៅវេលាម៉ោង៣និង២០នាទីរំលងអធ្រាត្រ ឆ្លងចូលថ្ងៃសៅរ៍ ១៣រោច ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នៅលើដងផ្លូវជាតិលេខ៦ត្រង់ចំណុចភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ។
មន្រី្តនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកវិល បានឲ្យដឹងថា រថយន្តដែលរងគ្រោះថ្នាក់នោះម៉ាកតូយ៉ូតាកាមរីបាឡែន ពណ៌ទឹក មាស ពាក់ស្លាកលេខភ្នំពេញ 2n5893។ រថយន្តនេះបានបើកបរ តាមបណ្ដោយផ្លូវជាតិលេខ៦ពីទិសខាងលិចទៅទិសខាងកើតហើយមកដល់ចំណុចកើតហេតុបានបែកកង់ក្រឡាប់ចូលប្រឡាយឯម្ចាស់រថយន្តរងរបួសស្រាលបានគេចខ្លួនបាត់ត្រូវកម្លាំងនគរបាលមូលដ្ឋានស្ទូចយកទៅប្រគល់ឱ្យមេព្រៃ ព្រោះរថយន្តនោះមានផ្ទុកសុទ្ធតែឈើប្រភេទធ្នង់ល្មើសច្បាប់។
មកដល់ពេលនេះកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកវិលបាន ធ្វើការត្រួតពិនិត្យនិងស្រាវជ្រាវរកអត្តសញ្ញាណម្ចាស់រថយន្ត តែដោយរកមិនឃើញក៏បានប្រគល់ឱ្យទៅជំនាញរដ្ឋបាលព្រៃឈើទទួលយកទៅបន្តនីតិវិធីនៃច្បាប់រដ្ឋបាលព្រៃឈើ៕ សហការី