ភ្នំពេញ៖ បុរសម្នាក់ ជាបុគ្គលិកកាស៊ីណូយីហោ” អ៊ីហ្គលឃីង” ដោយសារតែរវល់ទៅចូលរួមបង្គលការមិត្តភិក្តិនៅឯខេត្តពោធិ៍សាត់ បានយកម៉ុតូរបស់ខ្លួនមកចតទុកចោល៥ថ្ងៃនៅក្នុងបរិវេណកាស៊ីណូមិនបានប្រាប់សន្តិសុខត្រឹមត្រូវ ហើយត្រូវអ្នកគ្រប់គ្រងមិនដឹងថាជាម៉ូតូអ្នកណាក៏រាបាយការណ៍ប្រាប់សមត្ថកិច្ចយកទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីស្វែងរកម្ចាស់តាមក្រោយ ។
តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលស្រុកកម្រៀង ខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ម៉ោង ១និង២៣នាទីរសៀល កម្លាំងសមត្ថកិច្ចជំនាញ បានទទួលម៉ូតូមួយគ្រឿងម៉ាកហុងដា ស្គូបពី ពណ៌ស គ្មានស្លាកលេខ ដែលមានលេខតួC៥១១៩៧៨៤ ដែលបញ្ឈរទុកចោលជាច្រើនថ្ងៃ មិនមានម្ចាស់មកយក នៅជិតកាស៊ីណូ អ៊ីហ្គលឃីង ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង ពីឈ្មោះ គៀត បូរ៉ា ជាអ្នកគ្រប់គ្រងកាស៊ីណូ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំធ្វើការស្រាវជ្រាវ រកម្ចាស់ជាបន្ត។
ប្រភពដដែលបន្តថា រហូតមកដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១២និង២៣នាទីរសៀល ដោយមានការធានាអះអាងពីលោក គៀត បូរ៉ា អ្នកគ្រប់គ្រងកាស៊ីណូខាងលើទើបផ្នែកជំនាញបានប្រគល់ម៉ូតូនោះ ទៅឲ្យឈ្មោះ សេង ចន្ថា ភេទប្រុស អាយុ ៣២ឆ្នាំមុខរបរ បុគ្គលិក កាស៊ីណូអ៊ីហ្គលឃីង ជាម្ចាស់ម៉ូតូពិតប្រាកដមែន ។ មូលហេតុ៖ បានជាគាត់ទុកម៉ូតូចោលជាច្រើនថ្ងៃនេះគឺ ៖ ដោយសារម៉ូតូបែកកង់ក្រោយ និងជាប់រវល់ទៅចូលរួមពិធីមង្គលការមិត្តភក្តិ នៅឯខេត្តពោធិ៍សាត់ផងដែរ ៕សហការី