ព័ត៌មានទាន់ហេតុការណ៍៖

សាលាដំបូងខេត្តមណ្ឌលគិរីសម្រេចឃុំខ្លួនបុរសម្នាក់ក្រោមបទចោទដាក់អន្ទាក់សត្វព្រៃក្នុងតំបន់ការពារធម្មជាតិ

ចែករំលែក៖

 

ខេត្តមណ្ឌលគិរី៖ បុរសម្នាក់ត្រូវបានមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដេញប៉ផាប់ចាប់ពផីង ហើយឃាត់ខ្លួនបាននៅចំណុចត្រពាំងកកោះ បន្ទាប់ពីជននេះលួចដាក់អន្ទាក់ចាប់សត្វព្រៃចំនួន៣៥ខ្សែ ជាប្រភេទអន្ទាក់ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតសត្វព្រៃនិងមនុស្ស នៅចំណុចអូរល្វេរ ក្នុងដែនជម្រកសត្វព្រៃស្រែពក កាលពីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ រួចកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរីដើម្បីចាត់ការបន្តតាមនីតិវិធី។

ជនត្រូវចោទឈ្មោះ សា វា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិជីមៀត ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី សម្រេចចោទប្រកាន់តាមបញ្ញត្តិមាត្រា៦១ និងមាត្រា៥៦ ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ហើយត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្ត។

មន្រ្តីឧទ្យានុរក្សបានដកហូតវត្ថុតាងជាក់ស្ដែងនូវកាំបិតផ្គាក់ចំនួន១, ចបជីកចំនួន១ និងម៉ូតូគ្មានស្លាកលេខចំនួន១គ្រឿង យកទៅរក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការបរិស្ថាន។ ចំណែកអន្ទាក់ដែលបានដាក់រួចត្រូវបានមន្រ្តីឧទ្យានុរក្សទៅប្រមូលយកនិងសា រួចដុតកម្ទេចចោលនៅកន្លែងកើតហេតុ។

គួររម្លឹកជូនថា ជននេះមានប្រវត្តិនៃការផ្តន្ទាទោសពីមុនធ្លាប់ជាប់ពន្ធនាគារខេត្តមណ្ឌលគិរីចំនួន២ខែ ពាក់ព័ន្ធករណីបទល្មើសធនធានធម្មជាតិផងដែរ ដែលជាការមិនរាងចាល៕ដោយ៖ សហការី


ចែករំលែក៖