ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដី ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា បើទោះបីថ្មីៗកន្លងទៅនេះរឿងអាស្រូវពុករលួយរបស់លោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំ ដែនដីខេត្តកំពង់ស្ពឺ និងបក្ខពួកត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ប្រការនេះធ្វើឲ្យលោក តាប់ ម៉ាឡៃ កាន់តែមានសិទ្ធិអំណាចធំធេងក្នុងការប្រព្រឹត្តអំពើពុករលួយ បក្ខពួកនិយម គ្រួសារនិយមខ្លាំងក្លាជាងមុនទៅទៀត ដោយសារអាងមានខ្នងបង្អែករឹងមាំចាំជួយការពារនិងជួយដោះស្រាយ។ ជាក់ស្តែងលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដី ខេត្តកំពង់ស្ពឺ ធ្វើអ្វីៗតាមអំពើចិត្ត។
ថ្មីៗកន្លងទៅនេះអង្គភាពប្រឆាំងអំពើពុករលួយបានចាត់វិធានការតាមផ្លូវច្បាប់ទៅលើអតីតប្រធានមន្ទីររៀបចំដែនដីខេត្តពោធិ៍សាត់ និងអតីតប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ ដែលជាប់ពាក់ព័ន្ធទៅនឹងរឿងអាស្រូវពុករលួយនាពេលកន្លងមក។ ចំណែកលោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ស្ពឺ ដែលល្បីល្បាញ ខាងប្រព្រឹត្តអំពើពុករលួយ បក្ខពួកនិយម គ្រួសារនិយម ហើយត្រូវបណ្តាញព័ត៌មាន នានាចុះផ្សាយជាបន្តបន្ទាប់នោះមិនទាន់ឃើញអង្គភាពប្រឆាំងអំពើពុករលួយ
បើកការស៊ើបអង្កេតនៅឡើយទេ។
ប្រភពស្និទ្ធនឹងលោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ស្ពឺ បានឲ្យ ដឹងថា បច្ចុប្បន្នលោក តាប់ ម៉ាឡៃ នៅតែបន្តប្រើតួនាទីនិងអំណាចរបស់ខ្លួនសាងភាពល្បីល្បាញខាងពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា លោក តាប់ ម៉ាឡៃ នៅតែប្រើឈ្មោះលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងនេះមួយ ចំនួនដើម្បីបិទបាំងរឿងអាស្រូវនិងអំពើពុករលួយ របស់ខ្លួនយ៉ាងក្រអឺតក្រទម។ ហេតុនេះហើយមានសេចក្តីអំពាវនាវឲ្យ អង្គភាពប្រឆាំង អំពើពុករលួយបើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក តាប់ ម៉ាឡៃ ជាបន្ទាន់ផង ព្រោះលោក តាប់ ម៉ាឡៃ ប្រព្រឹត្តអំពើពុករលួយខ្លាំងជាងអតីតប្រធានមន្ទីររៀបចំដែនដីខេត្តពោធិ៍សាត់ និងអតីតប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ ទៅទៀត៕