ខេត្តកំពង់ធំ៖ មានអគ្គិភ័យមួយបានឆាបឆេះព្រៃមួយកន្លែង ធ្វើឲ្យមានអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅប្រៀបដូចគេចាក់សាំងដុត បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអាជ្ញាធរដែនដីនាំគ្នាចេញទៅពន្លត់ភ្លើងយ៉ាងសកម្ម ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃពុធ ២កើត ខែផល្គុន ឆ្នាំកុរ ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅភូមិឥន្ទកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឺងថា ករណីនេះកើតឡើងសង្ស័យបងប្អូនក្នុងភូមិដុតភ្នក់ភ្លើងចោលហើយមិនពន្លត់ឲ្យបានត្រឹមត្រូវទើបក្លាយជាអគ្គិភ័យឆេះរាលដាលដល់ព្រៃក្ណុងរដូវរាំងស្ងួតបែបនេះ។
ទោះយ៉ាងណាក្នុងករណីបែបនេះមានកម្លាំងនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះស្រុកបានចេញទៅធ្វើអន្តរាគមន៍ចំនួន៥នាក់ ដោយប្រើប្រាស់ទឹកអស់ចំនួន១រថយន្ត ស្មើនឹង៤ម៉ែត្រគូប ទើបភ្លើងរលត់ទាំងស្រុង មិនបណ្តាលឲ្យឆេះរាលដាលដល់ព្រៃក្បែរនោះបន្តទៅទៀត ៕