ភ្នំពេញ៖នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងនូវសមានចិត្តតាមរយៈការស្ម័គ្រចិត្តជូនទៅគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ នូវប្រាក់បៀវត្សជានាយករដ្ឋមន្ត្រីចំនួនស្មើនឹង៧ខែ ដោយរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០ ។
នេះបើយោងតាមលិខិតមួយច្បាប់ របស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ។
ប្រាក់ខែនាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានគេដឹងថា មានប្រមាណជាង១០លានរៀលឬជាង២,៥០០ដុល្លារ ក្នុងមួយខែ ។
នេះអាចជាសញ្ញាណមួយដ៏ល្អ ដែលអាចធ្វើអោយមន្ត្រីថ្នាក់ក្រោមរបស់សម្តេចតេជោ ហ៊ុន សែន អាចនឹងផ្តល់នូវប្រាក់ខែរបស់ខ្លួនជូនគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ថែមទៀត ដោយយកគំរូតាមសម្តេចតេជោ ហ៊ុន សែន ៕ ចេស្ដា