អង់គ្លេស៖លោក Sir Stirling Moss វីរៈបុរសប្រណាំងរថយន្ត Formula One របស់អង់គ្លេស ស្លាប់ក្នុងអាយុ៩០ឆ្នាំ ដោយសារជំងឺប្រចាំកាយដែលញាំញីរយៈពេលយូរមកហើយ។ លោកជាកីឡាករចក្រភពអង់គ្លេសដំបូងគេបង្អស់ដែលឈ្នះការប្រណាំងនៅទីលានក្នុងទឹកដីខ្លួនឯង British Grand Prix។
លោក Moss ត្រូវបានចាត់ទុកថាជាអ្នកបើកបររថយន្តប្រណាំងកម្រិតពិភពលោកដ៏អស្ចារ្យម្នាក់ក្នុងចំណោមកីឡាករទាំងអស់ទោះបីលោកមិនធ្លាប់ឈ្នះជើងឯកកីឡាប្រណាំងរថយន្ត ឬកាំជ្រួចលើផ្ទៃរាបលំដាប់ពិភពលោកនេះក៏ដោយ។ បុរសសញ្ជាតិអង់គ្លេសរូបនេះ បានប្រកាសចាកចេញពីជីវិតសាធារណៈកាលពីខែមករា ឆ្នាំ ២០១៨ដោយសារតែបញ្ហាសុខភាពដុនដាបរបស់លោក។ Moss ក៏ធ្លាប់ទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យសិង្ហបុរីរយៈពេល ១៣៤ ថ្ងៃផងដែរ បន្ទាប់ពីទទួលរងជំងឺផ្លូវដង្ហើម នាខែធ្នូ ឆ្នាំ ២០១៦។
លោក Sir Stirling Moss ធ្លាប់ឈ្នះការប្រណាំង ១៦លើក ក្នុងចំនោម៦៦លើក នៃព្រឹត្តិការណ៍ប្រណាំងរថយន្ត F1 ចន្លោះពីឆ្នាំ ១៩៥១ ដល់ ១៩៦១។ លោកបានក្លាយជាអ្នកបើកបររថយន្តជនជាតិអង់គ្លេសដំបូងគេដែលឈ្នះការប្រណាំងក្នុងប្រទេសខ្លួនឯង នៅឆ្នាំ ១៩៥៥ ប៉ុន្តែលោកមិនធ្លាប់ឈ្នះពាននោះទេ ៕ដោយ៖ភារៈ