ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងចាប់ផ្ដើមអនុវត្តការយកពន្ធលើទ្រព្យសកម្មឌីជីថលនៅឆ្នាំ២០២៩ ដែលយឺតជាងផែនការដើមចំនួន ២ ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់ក្រសួងហិរញ្ញវត្ថុកាលពីថ្ងៃព្រហស្បតិ៍។
– ពន្យារពេលអនុវត្តពន្ធ៖ រដ្ឋាភិបាលនឹងពិគ្រោះយោបល់ជាមួយសភា ដើម្បីពន្យារការយកពន្ធលើទ្រព្យសកម្មឌីជីថលរយៈពេល ២ ឆ្នាំ និងរៀបចំប្រព័ន្ធពន្ធឱ្យរួចរាល់សម្រាប់ការអនុវត្តនៅឆ្នាំ២០២៩។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួង។
– មូលហេតុនៃការពន្យារពេល៖ ការសម្រេចចិត្តនេះពាក់ព័ន្ធនឹងផែនការផ្លាស់ប្ដូរព័ត៌មានជាមួយសហរដ្ឋអាមេរិក ស្ដីពីទ្រព្យសកម្មនិម្មិត ដែលនឹងចាប់ផ្ដើមនៅឆ្នាំ២០២៩។ ក្រសួងបានបញ្ជាក់ថា ប្រសិនបើកូរ៉េខាងត្បូងចាប់ផ្ដើមយកពន្ធនៅឆ្នាំក្រោយតាមផែនការដើម នោះអាចធ្វើឱ្យទីផ្សារក្នុងស្រុកជួបគុណវិបត្តិ បើធៀបនឹងទីផ្សារអន្តរជាតិ។
– រៀបចំច្បាប់ថ្មី៖ ក្រសួងបានឱ្យដឹងថា កូរ៉េខាងត្បូងកំពុងធ្វើការលើការអនុម័តច្បាប់ស្ដីពីទ្រព្យសកម្មឌីជីថល ដែលអាចនាំឱ្យមានការផ្លាស់ប្ដូរយ៉ាងសំខាន់ដល់បរិយាកាសទីផ្សារក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
– វិធានការក្នុងរយៈពេល ២ ឆ្នាំខាងមុខ៖ រដ្ឋាភិបាលនឹងរៀបចំវិធានការសម្រាប់យកពន្ធលើការជួញដូរទ្រព្យសកម្មឌីជីថលនៅក្រៅប្រទេស ដោយពិចារណាលើកត្តាសំខាន់ៗ រួមមាន ភាពប្រែប្រួលខ្ពស់នៃទីផ្សារ ការការពារវិនិយោគិន និងការគាំទ្រដល់កំណើនឧស្សាហកម្មនេះ។
– កាលវិភាគនីតិប្បញ្ញត្តិ៖ រដ្ឋាភិបាលគ្រោងដាក់សំណើវិសោធនកម្មច្បាប់ទៅកាន់សភានៅឆ្នាំ២០២៧ និងបង្ហាញព័ត៌មានលម្អិតអំពីក្រមពន្ធជាក់លាក់ជូនវិនិយោគិននៅក្នុងឆមាសទី១ ឆ្នាំ២០២៨៕

ដោយ៖ភារៈ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច