សេដ្ឋកិច្ចប្រទេសឥណ្ឌូណេស៊ីបានកើនឡើង ៥,៤៧% ក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខផ្លូវការដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា បានបង្ហាញថា កំណើននេះខ្ពស់ជាងការព្យាកររបស់អ្នកវិភាគក្នុងការស្ទង់មតិរបស់ Reuters ដែលរំពឹងទុកត្រឹម ៥,១៨%។
កាលពីត្រីមាសទី២ សេដ្ឋកិច្ចឥណ្ឌូណេស៊ីបានកើនឡើង ៥,២៩%។
សេដ្ឋកិច្ចឥណ្ឌូណេស៊ី ដែលជាសេដ្ឋកិច្ចធំបំផុតនៅអាស៊ីអាគ្នេយ៍ បានប្រឈមនឹងការធ្លាក់ចុះនៃទំនុកចិត្តពីវិនិយោគិនក្នុងឆ្នាំនេះ ដោយសារមានការតាមដានយ៉ាងម៉ត់ចត់លើផែនការហិរញ្ញវត្ថុរបស់រដ្ឋាភិបាល និងទិសដៅគោលនយោបាយទូលំទូលាយរបស់ខ្លួន ព្រមទាំងហានិភ័យនៃការទម្លាក់ចំណាត់ថ្នាក់ទីផ្សារភាគហ៊ុនដែលនៅតែបន្តមាន។
ការិយាល័យស្ថិតិឥណ្ឌូណេស៊ីបានឱ្យដឹងថា កំណើនសេដ្ឋកិច្ចត្រូវបានគាំទ្រដោយវិស័យមួយចំនួន ដូចជាឧស្សាហកម្មផលិតកម្ម ជាពិសេសការកែច្នៃប្រេងដូងដើម្បីផលិតឥន្ធនៈ ខណៈឥណ្ឌូណេស៊ីកំពុងពង្រីកកម្មវិធីប្រើប្រាស់ប្រេងម៉ាស៊ូតលាយជាមួយជីវឥន្ធនៈ (Biodiesel) ជាកាតព្វកិច្ច។
ថវិការដ្ឋឆ្នាំ២០២៦ បានកំណត់គោលដៅកំណើនសេដ្ឋកិច្ច ៥,៤%។ ទោះជាយ៉ាងណា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Suahasil Nazara បានលើកឡើងថា កំណើនសេដ្ឋកិច្ចអាចនឹងលើសពីគោលដៅនេះបន្តិច និងឈានដល់ ៥,៥% នៅក្នុងឆ្នាំនេះ។
គោលដៅកំណើននេះស្ថិតក្នុងចន្លោះការព្យាកររបស់ធនាគារកណ្តាលឥណ្ឌូណេស៊ី (Bank Indonesia) ដែលរំពឹងថា ផលិតផលក្នុងស្រុកសរុប (GDP) នឹងកើនឡើងពី ៤,៩% ដល់ ៥,៧%។ នៅក្នុងកិច្ចប្រជុំកាលពីខែមុន ធនាគារកណ្តាលបានបញ្ជាក់ថា សេដ្ឋកិច្ចក្នុងស្រុកនៅតែមានភាពធន់ ប៉ុន្តែចាំបាច់ត្រូវបន្តពង្រឹងបន្ថែមទៀត។
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto ដែលបានចូលកាន់តំណែងកាលពី ២ ឆ្នាំមុន មានគោលដៅជំរុញកំណើនសេដ្ឋកិច្ចប្រទេសឱ្យឈានដល់ ៨% នៅត្រឹមឆ្នាំ២០២៩៕

ដោយ៖ ភារៈ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច