បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងធ្វើឱ្យការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកាន់តែទំនើប និងមានល្បឿនលឿន បង្កើនសម្ពាធលើក្រុមហ៊ុននានាទូទាំងពិភពលោកឱ្យពង្រឹងប្រព័ន្ធសុវត្ថិភាពឌីជីថលរបស់ខ្លួន។
ករណីវាយប្រហារថ្មីៗ រួមមានការលួចចូលគ្រប់គ្រងទូរទឹកកក និងទូរក្លាសេនៅតាមផ្សារទំនើបអឺរ៉ុប បណ្ដាលឱ្យខូចខាតម្ហូបអាហារមានតម្លៃរាប់លានដុល្លារ ការលួចរូបិយប័ណ្ណគ្រីបតូតម្លៃ ៦.៣ ពាន់លានដុល្លារពី Binance និងការរកឃើញចំណុចខ្សោយក្នុងកម្មវិធីគេហទំព័រដែលប្រើប្រាស់យ៉ាងទូលំទូលាយ។
យោងតាមបញ្ជី Common Vulnerabilities and Exposures (CVE) ចំណុចខ្សោយផ្នែកសុវត្ថិភាពក្នុងកម្មវិធី និងប្រព័ន្ធកុំព្យូទ័រជិត ៣៧,០០០ ករណី ត្រូវបានរាយការណ៍ក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ ដែលកើនឡើងប្រមាណ ៣ ដង បើធៀបនឹងឆ្នាំមុន។
ដើម្បីទប់ទល់នឹងការគំរាមកំហែងនេះ ក្រុមហ៊ុនជាច្រើនកំពុងប្រើប្រាស់ AI សម្រាប់តាមដានការវាយប្រហារ រកឃើញចំណុចខ្សោយ និងដំឡើងកម្មវិធីជួសជុលប្រព័ន្ធសុវត្ថិភាពជាបន្តបន្ទាប់។
ក្រុមហ៊ុន Binance, កំពង់ផែ Rotterdam និង Siemens សុទ្ធតែកំពុងបង្កើនការវិនិយោគ ឬសាកល្បងប្រព័ន្ធការពារសាយប័រដែលប្រើប្រាស់ AI។ ចំណែកក្រុមហ៊ុនលក់គ្រឿងទេស Ahold Delhaize ក៏បានរងការវាយប្រហារពីរលើកក្នុងរយៈពេលមួយខែ ដែលបង្កឱ្យមានការខាតបង់ការលក់ជាង ២០០ លានអឺរ៉ូ និងបង្ខំឱ្យក្រុមហ៊ុនចេញការព្រមានអំពីប្រាក់ចំណេញ។
ក្រុមហ៊ុនស្រាវជ្រាវ McKinsey ព្យាករថា ទីផ្សារផលិតផល និងសេវាកម្មសន្តិសុខសាយប័រទូទាំងពិភពលោក នឹងកើនពី ២២៣ ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ ដល់ ៣៤៦ ពាន់លានដុល្លារនៅឆ្នាំ២០២៩។
អ្នកជំនាញបានព្រមានថា AI មិនត្រឹមតែជួយក្រុមហ៊ុនការពារប្រព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយក្រុមហេគឃ័ររកឃើញ និងប្រើប្រាស់ចំណុចខ្សោយបានលឿនជាងមុនផងដែរ។ ដូច្នេះ ការប្រកួតប្រជែងរវាងអ្នកវាយប្រហារ និងអ្នកការពារកំពុងក្លាយជាការប្រយុទ្ធបច្ចេកវិទ្យាដែលកាន់តែខ្លាំងក្លា។
លោក Steffen Kindler ប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Holcim បានលើកឡើងថា ភាគីទាំងពីរសុទ្ធតែមានឧបករណ៍ទំនើប និងប្រើប្រាស់ AI ដូចគ្នា ដូច្នេះក្រុមហ៊ុនត្រូវតែបង្កើនសមត្ថភាពការពារឱ្យកាន់តែឆ្លាតវៃ និងរហ័សជាងមុន។
AI កំពុងក្លាយជាឧបករណ៍សំខាន់ទាំងសម្រាប់ការវាយប្រហារ និងការការពារប្រព័ន្ធឌីជីថល។ ក្រុមហ៊ុនដែលមិនអាចឆ្លើយតបបានទាន់ពេលវេលា អាចប្រឈមនឹងការខាតបង់ផ្នែកហិរញ្ញវត្ថុ ការរំខានដល់ប្រតិបត្តិការ និងការបាត់បង់ទំនុកចិត្តពីអតិថិជន៕

ដោយ៖ ភារៈ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច