ភ្នំពេញ៖ ចំថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សិល្បករប្រុសស្រីវ័យក្មេងជាច្រើនរូបនបានស្ម័គ្រចិត្តនិងបង្ហាញមុខរួមគ្នាក្នុងបទចម្រៀងចង្វាក់ប្រជាប្រិយខ្មែរបទ”រាំវង់ពាក់ម៉ាស់” ក្នុងគោលបំណងចូលរួមចំណែកក្នុងការជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្មែររួមគ្នាថែរក្សាអនាម័យ ការពារជំងឺកូវីដ១៩។
បទចម្រៀងមួយនេះត្រូវបានចេញផលិតកាលពីមុនពិធីបុណ្យចូលឆ្នាំថ្មីដែលដឹកនាំថត ដោយលោក Pozz Ro និងច្រៀងដោយលោក ង៉ែត សុភ័ក្រ។ បទចម្រៀងនេះចូលរួមសម្តែងដោយសិល្បករវ័យក្មេងមួយចំនួនដូចជាលោក វ៉ៃ លោក វុទ្ធី កញ្ញា សូ នីតា និងកញ្ញា អាណា ជាដើម។ តារាចម្រៀង និងសម្តែង លោក ង៉ែត្រ សុភ័ក្របានលើកឡើងថាជាការចូលរួមចំណែកតិចតួចដើម្បីជាសារមួយជូនដល់អ្នកគាំទ្រ និងប្រជាជនខ្មែរដែលបានចូលទស្សនាបទចម្រៀងនេះ។ លោកថាដោយសារការពារប្រសើរជាងការព្យាបាល ហើយការការពារបញ្ចៀសជំងឺដ៏កាចសាហាវនេះគឺផ្តើមចេញពីប្រជាជនទាំងអស់គ្នា ដែលលោករំពឹងថាប្រជាជនកម្ពុជា នឹងស្វែងយល់ ដាក់ស្មារតីរួមគ្នាបង្ការទប់ស្កាត់ប្រយុទ្ធទាំងអស់គ្នា។ លោកបញ្ជាក់ថា ទោះបីជាបទចម្រៀងនេះមិនល្អឥតខ្ចោះប៉ុន្តែជាស្នាដៃដែលកើតចេញពីការួបរួមគ្នា និងមានបំណងល្អ ចេញពីបេះដូង សង្ឃឹមថាទស្សនិកជននឹងពេញចិត្ត។លោកអរគុណចំពោះសិល្បករទាំងអស់ដែលបានស្ម័គ្រចិត្តចូលរួមសម្តែងដោយមិនគិតកម្រៃដើម្បីបញ្ចេញស្នាដៃនេះឲ្យទាន់ពេលវេលា។
គួរបញ្ជាក់ដែរថាគិតត្រឹមថ្ងៃទី១៣ ខែមេសានេះកម្ពុជាមានអ្នកផ្ទុកជំងឺកូវីដ១៩ សរុបចំនួន១២២នាក់ ដោយក្នុងនោះមានអ្នកព្យាបាលសះស្បើយចំនួន៦៨នាក់ និងមិនមានពលរដ្ឋណាម្នាក់បាត់បង់ជីវិតនេះឡើយ។ រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ នៅតែអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់បន្តរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺ Covid-19នេះ៕ ដោយ វឌ្ឍនា