បច្ចុប្បន្ននៅប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុប បានពន្យាពេលដាក់ប្រទេសក្នុងគ្រាអាសន្ន បើទោះបីមានអ្នកឆ្លងនិងស្លាប់បានធ្លាក់ចុះក្តី។ ប៉ុន្តែនៅពេលនេះ មានប្រទេសមួយក្នុងតំបន់អឺរ៉ុបបានលុបច្បាប់បម្រាមគោចរ ហើយបើកឲ្យដំណើរការឡើងវិញទំាងក្លឹបរាត្រី ភោជនីយដ្ឋាន…។ រដ្ឋាភិបាលប្រទេសអូទ្រិស បានអនុញ្ញាតឲ្យ ក្រុមហ៊ុន ហាងលក់ទំនិញផ្សេងៗ នៅក្នុងប្រទេសនេះបើកទ្វារដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញនៅថ្ងៃទី១៤ ខែមេសា ។ ប៉ុន្តែ រដ្ឋាភិបាល បានស្នើដល់ពលរដ្ឋ ឲ្យមានវិធានការការពារខ្លួនជាប់ជានិច្ចបញ្ចៀសការឆ្លងកូវីដ-១៩។ សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១៤ខែមេសា បានផ្សាយថា កាលពី៤សប្តាហ៍កន្លងមក ក្រោយវីរុសកូវីដ-19 បានរាតត្បាត ប្រទេសអូទ្រិស បានបិទទ្វារទាំងអស់ ទាំង ក្លឹមកម្សាន្ត ភោជនីយដ្ឋាន ហាងលក់ទំនិញនានានៅទូទាំងប្រទេស។ រដ្ឋាភិបាល អូទ្រិស បានហាមប្រាមពលរដ្ឋមិនឲ្យចេញពីផ្ទះឡើយ ដោយធ្វើការតាមអនឡាញពីចម្ងាយ។ ដោយការសម្រេចបិទប្រទេសទាន់ពេលវេលា ជួយឲ្យប្រទេសអូទ្រិសទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ បានយ៉ាងល្អបំផុតនៅក្នុងតំបន់អឺរ៉ុប។ មកទល់ពេលនេះ អូទ្រិសមានអ្នកស្លាប់ដោយកូវីដ តែ៣៦៨នាក់ប៉ុណ្ណោះគឺតិចជាងប្រទេសនានាក្នុងតំបន់។ នាយករដ្ឋមន្ត្រីអូទ្រិស លោក Sebastian Kurz បានបញ្ជាក់ថា«អំពីបញ្ហាសេដ្ឋកិច្ច យើងនឹងឆ្លងផុតវិបត្តិនេះឲ្យបានឆាប់បំផុត»។ ជាមួយគ្នានេះដែរ ប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុប ក៏មានគម្រោងដំណើរការសេដ្ឋកិច្ចឡើងវិញនៅក្នុងប្រទេសរបស់ខ្លួន ហើយលុបច្បាប់បម្រាមគោចរបន្ទាប់ពីចំនួនអ្នកឆ្លង និងស្លាប់ដោយ កូវីដ១៩ធ្លាក់ចុះខ្លាំង ៕ ដោយ៖ ធីរីណា