ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមព្រឹក្សាខេត្ត នឹងអភិបាលខេត្តព្រះវិហារ អញ្ជើញចុះត្រួតពិនិត្យកម្លាំងសមត្ថកិច្ចចម្រុះ ដែលឈរជើងនៅគោលដៅ ខេត្តព្រះវិហារ និងខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តព្រះវិហារ៖ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ លោក ឡុង សុវណ្ណ និងអភិបាលខេត្តព្រះវិហារ លោកប្រាក់ សុវណ្ណ បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចុះទៅកាន់គោលដៅឈរជើង របស់កម្លាំងសមត្ថកិច្ចចម្រុះ នៅព្រំប្រទល់
ខេត្តព្រះវិហារ-ខេត្តកំពង់ធំ ដើម្បីជួបសួរសុខទុក្ខ និងនាំយកអំណោយ និងថវិកាមួយចំនួន ទៅឧបត្ថម្ភដល់កងកម្លាំង ដែលកំពុងស្ថិតនៅគោលដៅ អនុវត្តន៍បទបញ្ជា រាជរដ្ឋាភិបាល ក្នុងការធ្វើចរាចរណ៍ ឆ្លងពីខេត្តមួយទៅខេត្តមួយទៀត ស្របពេលដែលកម្ពុជា កំពុងរឹតបន្តឹង ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

ការអញ្ជើញចុះទៅកាន់ គោលដៅព្រំប្រទល់ខេត្តទាំងពីរ នៅក្នុងភូមិសាស្ត្រស្រុករវៀង ខេត្តព្រះវិហារ និងស្រុកប្រាសាទបល័ង្គ ខេត្តកំពង់ធំ របស់ថ្នាក់ដឹកនាំខេត្តព្រះវិហារនោះ បានប្រព្រឹត្តទៅនៅវេលាព្រឹកថ្ងៃទី១៤ មេសា ឆ្នាំ២០២០ នេះ។

អភិបាលខេត្ត និងជាប្រធាន គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ ណែនាំដល់កងកម្លាំង ដែលកំពុងបំពេញភារកិច្ច នៅក្នុងគោលដៅ នៃមូលដ្ឋាននោះ។

ត្រូវខិតខំបន្តអនុវត្តន៍បទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាល ឲ្យបានម៉ត់ចត់ និងតឹងរឹងបំផុត និងប្រាប់គ្រូពេទ្យ ណែនាំដល់ប្រជាពលរដ្ឋ ដែលមករកសេវាពិនិត្យសុខភាព ត្រូវរួមគ្នាអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលនៅគ្រាបច្ចុប្បន្ននេះ ជំងឺដ៏កាចសាហាវនេះ កំពុងតែឆ្លងរីករាលដាលជាសកល នៅលើពិភពលោក និងនៅក្នុងប្រទេសកម្ពុជា។

បន្ទាប់មក ថ្នាក់ដឹកនាំខេត្ត ក៏បានអញ្ជើញចុះទៅពិនិត្យ អណ្តូងទឹកស្អាតចំនួន៥ ដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅក្នុងមូលដ្ឋានស្រុករវៀង ហើយបានចុះសួរសុខទុក្ខ ក្រុមគ្រូពេទ្យ រួមទាំងអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀងផងដែរ នឹងបានឧបត្ថម្ភថវិកាមួយចំនួន ដល់កងកម្លាំងឈរជើងនៅគោលដៅ និងក្រុមគ្រូពេទ្យ នៅមណ្ឌលសុខភាពភ្នំដែក ផងដែរ៕ដោយ៖មាស សុផាត


ចែករំលែក៖