ព័ត៌មានទាន់ហេតុការណ៍៖

ថៃគ្រោងបន្ធូរបន្ថយស្ថានភាពដាក់ប្រទេស ក្នុងគ្រាអាសន្ន បើកព្រំដែនឲ្យពលរដ្ឋ១ម៉ឺននាក់ចូលប្រទេសវិញ

ចែករំលែក៖

ស្ថានភាពនៃការឆ្លងរាលដាល វីរុសកូវីដ១៩ មានការកើនឡើងតិច មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩ នៃប្រទេសថៃ (CCSA) កំពុងតែពិចារណា អំពីការបន្ធូរបន្ថយច្បាប់ដាក់ប្រទេស ក្នុងគ្រាអាសន្ន។
ជាមួយគ្នានេះរដ្ឋាភិបាលថៃបានត្រៀមលក្ខណៈទទួលពលរដ្ឋរបស់ខ្លួនប្រមាណ១ម៉ឺននាក់ វិលត្រឡប់មកពីប្រទេសជិតខាង ក្នុងនោះមានភាគច្រើនមកពីប្រទេសម៉ាឡេស៊ី។ ពលរដ្ឋដែលបានវិលត្រឡប់មកពីក្រៅប្រទេស អាចនឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃ ។ រដ្ឋាភិបាលថៃបានប្រកាសថា នៅថ្ងៃទី១៧ខែមេសា មានពលរដ្ឋថៃ៨០០០នាក់ នឹងវិលត្រឡប់មកពីម៉ាឡេស៊ី ។
យោងតាមគេហទំព័រ Thaipbsworld នៅថ្ងៃទី១៧ខែមេសា បានផ្សាយថា គិតត្រឹមថ្ងៃទី១៧ ខែមេសា នៅក្នុងប្រទេសថៃ មានករណីឆ្លងថ្មី នៃកូវីដ១៩ ចំនួន២៩នាក់ និងស្លាប់ម្នាក់។ ប៉ុន្ដែបើគិតអំពីអត្រា នៃការព្យាបាលជាសះស្បើយវិញ មានរហូតដល់ទៅ៦២ភាគរយ នៃចំនួនអ្នកឆ្លងកូវីដ១៩សរុប។ដោយសារតែបញ្ហានេះ ទើប CCSA កំពុងតែវាយតម្លៃ លើការអនុវត្តវិធានការ ដែលត្រូវបានដាក់នៅក្រោមក្រឹត្យប្រតិបត្តិការ ក្នុងគ្រាអាសន្ន រួមទាំង បម្រាមគោចរ នាពេលយប់ផងដែរ។
លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) បានថ្លែងក្រោយកិច្ចប្រជុំគណ:រដ្ឋមន្រ្ដី ថា រហូតមកដល់ពេលបច្ចុប្បន្ននេះ ថៃបានទប់ស្កាត់វីរុសកូវីដ១៩នេះ រហូតមានល្បឿន នៃការឆ្លងយឺត បើធៀបនឹងពេលកន្លងមក។ បញ្ហានេះនឹងត្រូវលើកយកមកពិចារណាឡើងវិញ អំពីការវាយតម្លៃផលប៉ះពាល់របស់ CCSA ចំពោះច្បាប់អាសន្នដែលត្រូវផុតកំណត់ នៅថ្ងៃទី២៦ ខែមេសា ខាងមុខនេះ។
លោកនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ប្រជាពលរដ្ឋប្រឈមនឹងការលំបាកច្រើន ចំពោះការដាក់ប្រទេសឲ្យស្ថិតក្នុងគ្រាអាសន្ននេះ។ ប៉ុន្ដែលោកនាយករដ្ឋមន្រ្ដី ក៏សុំពលរដ្ឋឲ្យមានការយោគយល់អំពីស្ថានការណ៍ នៃការរីករាលដាល នៃកូវីដ១៩នេះផងដែរ។បើគិតមកដល់វេលារសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នៅក្នុងប្រទេសថៃ មានអ្នកឆ្លងកូវីដ១៩ ចំនួន២៦៧២នាក់ ក្នុងនោះស្លាប់៤៦នាក់ និងជាសះស្បើយ១៥៩៣នាក់៕


ចែករំលែក៖