កណ្ដាល៖ បុរសម្នាក់ បើកម៉ូតូល្បឿនលឿនស្ថិតក្នុងស្ថានភាពស្រវឹងបានបុកមន្រ្ដីប៉ូលិសម្នាក់ រងរបួសធ្ងន់ ខណៈកំពុងអនុវត្ដន៍ការងារ ត្រួតពិនិត្យតាមដងផ្លូវ ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨:៤៥នាទីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៥៣-៥៤ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។
មន្រ្ដីប៉ូលិសចរាចរណ៍ស្រុកលើកដែកបានឲ្យដឹងថា ជនបង្កឈ្មោះ ភុន សុផានី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិគគីរធំ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល បើកបរម៉ូតូម៉ាកHONDA DREAM ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1AB-6263 ។ ចំណែកជនរងគ្រោះឈ្មោះ យ៉ាន់ ពៅ ឋានៈមន្រ្តី ផ្នែកសណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកលើកដែក ។
ប្រភពដដែលបន្ដថា នៅពេលកើតហេតុ ជនរងគ្រោះជាប៉ូលិសចរាចរណ៍បានចុះប្រតិបត្ដិការងារត្រួតពិនិត្យជាតិស្រវឹងលើដងផ្លូវ ខណៈនោះស្រាប់តែជនបង្កបានបើកម៉ូតូដោយល្បឿនលឿន បានបុកមន្រ្ដីប៉ូលិសពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះដួលបោកទៅនឹងផ្លូវរងរបួសធ្ងន់ រីឯអ្នកបើកបរត្រូវបានកម្លាំងឈរជើងដូចគ្នាបានឃាត់ខ្លួនភ្លាមៗតែម្ដង។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរស័ក្ដិសិទ្ធិ ត្រើយខាងកើតស្ពានអ្នកលឿង។
ចំពោះជនបង្កត្រូវបានប៉ូលិសជំនាញពិនិត្យឃើញថា មានកម្រឹតអាកុល ០,២៨mg/L ហើយជនបង្កបានសារភាពថា បន្ទាប់ពីចេញធ្វើការរោងចក្រវិញ ខ្លួនបានផឹកស្រាជាមួយបក្ខពួកខ្លួនតាំងពីម៉ោង៥រសៀល រហូតមកដល់ម៉ោងប្រមាណ៧ទើបត្រឡប់មកផ្ទះវិញ ។
បន្ទាប់ពីធ្វើការសាកសួររួច ជនបង្កត្រូវបានប៉ូលិសជំនាញចរាចរណ៍កសាងសំណុំរឿង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាង ជ័យ