ពិភពលោក៖ ការឆ្លងរាលដាលនៃវីរុស កូវីដ-១៩ នៅលើពិភពលោក បានធ្វើឲ្យចិនក្លាយទៅជាគោលដៅថ្កោលទោស ពីគ្រប់មជ្ឈដ្ឋាន តាមការលើកឡើងរបស់អាមេរិក។ ក្រុមហ៊ុនច្បាប់នៅអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្តឹងជាអន្តរជាតិទាមទារចិនសងសំណងពីការខាតបង់សេដ្ឋកិច្ចដោយសារតែការរាលដាលកូវីដ-១៩។
ក្រុមហ៊ុនច្បាប់ Berman Law Group របស់អាមេរិក ដោយមានមេធាវីឈ្មោះ Jeremy Alters បានដឹកនាំការប្តឹងរដ្ឋាភិបាលចិន ដែលបានលាក់បាំងវីរុស ធ្វើឲ្យរាលដាលពេញពិភពលោក សម្លាប់មនុស្សនិងបំផ្លាញសេដ្ឋកិច្ចជាច្រើន។ មេធាវី Jeremy Alters បានបញ្ជាក់ថា ប្រសិនបើចិនបដិសេធ មិនទៅកាត់ទោសនៅអាមេរិក ក៏តុលាការអាមេរិក អាចចេញសាលក្រម រឹបអូសទ្រព្យសម្បត្តិរបស់ចិននៅអាមេរិកផងដែរ។
មជ្ឈមណ្ឌលស្រាវជ្រាវ Henry Jackson Society នៅក្នុងប្រទេសអង់គ្លេស ក៏បានចេញរបាយការណ៍របស់ខ្លួនផងដែរថា ចិននឹងត្រូវសងសំណងជាទឹកប្រាក់ ប្រមាណ៣២០០ ពាន់លានផោន ដល់បណ្តាប្រទេសG7 ដោយសារតែការលាក់បាំងជំងឺឆ្លងកូវីដ-១៩។
ចំណែកមេធាវី Shurat Hadin តំណាងឲ្យ ក្រុមគ្រូពេទ្យបានចោទប្រកាន់ចិនរក្សាទុកបរិក្ខារពេទ្យ។ លោក Shurat Hadin ក៏បានបញ្ជាក់ផងដែរថា អ៊ីស្រាអែល បានរៀបគម្រោង ប្តឹងនៅតុលាការអាមេរិក ទាមទារសំណងពីចិន។
ចំណែកមេធាវីអង់គ្លេសវិញ លោក Robertsonក៏បានអំពាវនាវដល់អង្គការសហប្រជាជាតិ បើកការស្រាវជ្រាវ ពីប្រភពនៃជំងឺឆ្លងកូវីដ-១៩។ ប្រសិនបើចិនបដិសេធបកស្រាយពីបញ្ហាខាងលើ នឹងត្រូវទទួលរងការដាក់ទណ្ឌកម្ម ពីសហគមន៍អន្តរជាតិ។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Marise Payne កាលពីថ្ងៃទី១៩ខែមេសាបានស្នើឲ្យបង្កើត អង្គការឯករាជ្យដើម្បីស្រាវជ្រាវ ពីកូវីដ-១៩ ផ្ទុះនៅក្នុងប្រទេសចិន។
សារព័ត៌មានInsiders និងABC នៅថ្ងៃទី១៩ខែមេសាបាន ដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីបញ្ជាក់ថា ចាំបាច់ត្រូវតែមានការស្រាវជ្រាវដោយឯករាជ្យ ពីប្រភពនៃវីរុសនិង ការទប់ស្កាត់វីរុសរបស់ចិន។
អ្វីដែលចាប់អារម្មបំផុតនោះ គឺអង្គការសុខភាពពិភពលោកមិនត្រូវបាន ឲ្យចូលរួមក្នុងការស្រាវជ្រាវ នោះឡើយ ដោយសារតែតាំងពីពេលផ្ទុះកូវីដ-១៩ អង្គការWHO បានការពារចិនជានិច្ច ពីការចោទប្រកាន់របស់អាមេរិក ទើបធ្វើឲ្យអាមេរិក ឈប់ផ្តល់ជំនួយដល់អង្គការនេះ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ការដែលអាមេរិក និងសម្ព័ន្ធមិត្តបើកការស្រាវជ្រាវ ទៅលើចិន ហើយមិនមានអង្គការសុខភាពពិភពលោក ចូលរួម មិនខុសអ្វីពីយកបញ្ហាវីរុសនោះទម្លាក់ទៅលើចិន ដើម្បីរឹបអូសទ្រព្យសម្បត្តិចិនតែប៉ុណ្ណោះ ។ មួយវិញទៀតតុលាការដែលអាចកាត់ទោសបានគឺតុលាការអាមរិក មិនមែនតុលាការ ឯករាជ្យ របស់អង្គការសហប្រជាជាតិនោះឡើយ។ទាំងនោះបានបង្ហាញយ៉ាងច្បាស់ ថា អាមេរិក និងសម្ព័ន្ធមិត្ត រៀបផែនការបំផ្លាញចិនដាក់ទណ្ឌកម្មទៅលើចិន ដោយខ្លាចចិន ក្លាយជាមហាអំណាចគ្រប់គ្រងពិភពលោកទាំងមូល ក្នុងពេលដ៏ខ្លីខាងមុខ៕ធី រីណា