ព័ត៌មានទាន់ហេតុការណ៍៖

អង្គការ WHO ព្រមានប្រឆាំង នឹងគំនិតចង់ចេញប័ណ្ណ ឬលិខិតឆ្លងដែនអ្នកព្យាបាលជាមិនអាចឆ្លងម្តងទៀតនូវជំងឺកូវីដ-19

ចែករំលែក៖

ហ្សឺណែវ៖ បើតាមការ ចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០បានរាយកាណ៍ឲ្យដឹងថាអង្គការសុខភាពពិភពលោក (WHO)បានប្រកាសនៅថ្ងៃសៅរ៍នេះថា មកទល់បច្ចុប្បន្នមិនទាន់មានភស្តុតាងធានាថា អ្នកដែលបានជាសះស្បើយពីជំងឺ COVID-19 និងមានអង់ទីករ ត្រូវបានការពារពីការឆ្លងជាលើកទីពីរនោះទេ។ (WHO)ថែមទាំងព្រមានប្រឆាំង នឹងគំនិតចង់ចេញប័ណ្ណ ឬលិខិតឆ្លងដែនដល់អ្នកព្យាបាលជាជំងឺនេះទៀតផង។
សេចក្តីរាយការណ៍នោះបានបញ្ជាក់ទៀតថាកន្លងមកនេះរដ្ឋាភិបាលប្រទេសមួយចំនួនធ្លាប់បានលើកឡើងនូវគំនិតថា ការធ្វើតេស្តរកអង់ទីករប្រឆាំងវីរុសកូរ៉ូណាថ្មី ដែលបង្ក ដោយជំងឺ COVID-19 អាចបម្រើជាមូលដ្ឋានសម្រាប់ការចេញជា «ប័ណ្ណ» ឬ «លិខិតឆ្លងដែន» ពិសេសមួយ ដែលអនុញ្ញាតឲ្យបុគ្គលកាន់ ប័ណ្ណឬលិខិតឆ្លងដែននោះ អាចធ្វើដំណើរដោយសេរី ព្រោះពួកគេត្រូវបានសន្មត់ថា មានការការពារពីការឆ្លងវីរុសនេះជាថ្មី។
(WHO)បានបញ្ជាក់ថាដោយសារមកទល់ពេលនេះ មិនទាន់មានភស្តុតាងរឹងមាំណាមួយដែលអាចធានាបានថា អ្នកជាសះស្បើយពី COVID-19 ត្រូវបានការពារពីការឆ្លងជាថ្មីម្តងទៀត បើទោះត្រូវពិនិត្យឃើញថាមានអង់ទីករក៏ដោយ។
អង្គការ WHO បានព្រមានប្រឆាំង នឹងគំនិតចង់ចេញប័ណ្ណ ឬលិខិតឆ្លងដែន របៀបដូចខាងលើ ព្រោះការធ្វើយ៉ាងដូច្នោះអាចនឹងបង្កើនហានិភ័យនៃការឆ្លងរាតត្បាត ទៅវិញទេ ដោយសារតែអ្នកដែលជាហើយ អាចនឹងលែងខ្វាយខ្វល់ចំពោះវិធានការពារជំងឺនេះតទៀត៕ដោយ÷ប្រាថ្នា


ចែករំលែក៖