ខេត្តព្រៃវែង៖ ស្ត្រីវ័យ៣៣ឆ្នាំម្នាក់ ត្រូវបានតៃកុងឡានតាក់សុី ចាប់រំលោភលើឡានបានសម្រេច ខណៈភ្ញៀវចុះពីឡានអស់ នៅសល់តែគាត់ម្នាក់ឯង នៅក្រោយគេមិនទាន់ដល់ផ្ទះ។ ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទី យប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នៅចំណុច ដីវាលលើផ្លូវលំ ក្នុងភូមិប្រហ៊ារ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ។
ក្រោយមកគាត់ជាជនរងគ្រោះឈ្មោះ ឆ ខ មានទីលំនៅឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង បានដាក់ពាក្យបណ្តឹងនៅ នគរបាលប៉ុស្តិ៍រដ្ឋបាល ច្រេស ទើបនៅវេលាម៉ោង១២និង៤០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ កម្លាំងនគរបាល បានឃាត់ខ្លួនជនល្មោភកាមនេះបានតែម្តង ខណៈរូបគេកំពុងបន្តរកសុីដឹកអ្នកដំណើរដូចសព្វមួយដង។
សមត្ថកិច្ចបានអោយដឹងថា៖ ជនសង្ស័យមានឈ្មោះ ខុន រឹត អាយុ២៩ ឆ្នាំ រស់នៅភូមិបឹង ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពិតជាបានចាប់រំលោភស្ត្រីខាងលើនោះមែន ខណៈមានចំណង់ជ្រុលពេក ហើយស្របពេលយប់ស្ងាត់ នៅសល់តែភ្ញៀវម្នាក់ ក៏សម្រេចបង្ខំចាប់រំលោភរហូត បានសម្រេចតែម្តង។
បច្ចុប្បន្នជនសង្ស័យ និងរថយន្តត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕
ដោយ៖សិលា