ប្រទេសអេស្ប៉ាញ៖ លោកយាយម្នាក់ ដែលមានអាយុ១០៧ឆ្នាំ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ នៅអេស្ប៉ាញ បន្ទាប់ពីគាត់បានជាសះស្បើយពីជំងឺ COVID-19 ហើយអ្វីដែលអស្ចារ្យនោះ គឺជាលើកទីពីរហើយសម្រាប់គាត់ ដែលបានយកឈ្នះជំងឺរាលដាលជាសកល ខណៈដែលកាលពីគាត់មានអាយុ៧ឆ្នាំ គាត់ក៏ធ្លាប់ជាសះស្បើយពីជំងឺផ្តាសាយអេស្ប៉ាញ (Spanish Flu) ផងដែរ ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន La Vanguardia នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ។
អ្នកស្រី Paqui Sanchez បានអះអាងថា កាលពី១០០ឆ្នាំមុន លោកយាយ Ana del Valle ត្រូវជាម្តាយក្មេករបស់ខ្លួនធ្លាប់និទានពីប្រវត្តិដែលគាត់ និងសមាជិកគ្រួសារទាំងអស់ឆ្លងផ្តាសាយអេស្ប៉ាញ ហើយគាត់(លោកយាយ Ana) ស្ថិតក្នុងចំណោមអ្នកដែលបានជាសះស្បើយ ក្នុងអាយុ៧ឆ្នាំ ។
គួរជម្រាបថា៖ ជំងឺផ្តាសាយអេស្ប៉ាញ ដែលបានរាតត្បាតចន្លោះពីដើមឆ្នាំ១៩១៨ ដល់ចុងឆ្នាំ១៩២០បានចម្លងមនុស្សប្រមាណ៥០០លាននាក់ ឬ១/៣នៃប្រជាជនលើពិភពលោក ហើយក្នុងនោះ បានស្លាប់មនុស្សចន្លោះពី១៧ ទៅ៥០លាននាក់ រួមទាំងព្រះមហាក្សត្រអេស្ប៉ាញ Alfonso XIII ផងដែរ ។
ប៉ុន្តែមួយសតវត្សរ៍ក្រោយមក លោកយាយ Ana បានឆ្លងជំងឺរាតត្បាតម្តងទៀត គឺ COVID-19 ដោយគាត់ស្ថិតក្នុងចំណោមមនុស្សវ័យចំណាស់ដែលរស់នៅរួមគ្នានៅក្រុង Cadix ភាគខាងត្បូងនៃប្រទេសអេស្ប៉ាញ ។ តាមការផ្សាយរបស់ La Vanguardia លោកយាយ Ana បានឆ្លងតពីបុគ្គលិកដែលបម្រើការនៅមណ្ឌលមនុស្សចំណាស់។
អ្នកស្រី Paqui បានអះអាងថា ម្តាយក្មេករបស់ខ្លួន មានស្ថានភាពល្អប្រសើរជាបន្តបន្ទាប់ បើទោះបីជាគាត់មានវ័យចាស់ជរាទៅហើយក្តីក៏ដោយ។ ទីបំផុតគាត់ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ដោយមានក្រុមគ្រួសារនៅចាំទទួល៕ដោយ៖ស តារា