ភ្នំពេញ៖ ព័ត៌មានដែលពោរពេញដោយក្តីរំភើបក្រៃលែងមួយទៀតសម្រាប់ប្រជាជនកម្ពុជាជូនជ្រាប មកពីតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើត! ក្រុមការងារស្រាវជ្រាវសត្វព្រៃនៃអង្គការ WWF បានជួបនឹងសត្វទន្សោងមួយហ្វូងកាលពីចុងខែមេសា កន្លងទៅថ្មីៗនេះ ខណៈពួកគេកំពុង តាមដាន និងប្រមូលព័ត៌មានស្តីពីសត្វព្រៃនៅក្នុង ដែនជម្រកសត្វព្រៃភ្នំព្រេច ដែលជាតំបន់ការពារ ស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី នៃក្រសួងបរិស្ថាន និងគាំទ្រដោយអង្គការ WWF។
អ្នកវិទ្យាសាស្រ្តខាងសត្វព្រៃរបស់អង្គការ WWF បានអត្ថាធិប្បាយថា សត្វទន្សោងមួយ ហ្វូងនេះមានចំនួនសរុបប្រមាណជា ៧ក្បាល ក្នុងនោះមានរាប់បញ្ចូល ទន្សោងវ័យជំទង់មួយក្បាល និងទន្សោងបាធំមួយក្បាលផងដែរ។ តាមអ្នកវិទ្យាសាស្រ្តដដែល សកម្មភាពហ្វូងសត្វទន្សោងរត់ ត្របាញ់បែបនេះ ទំនងបណ្តាលមកពីពួកវាផ្អើលដោយហ្វូងសត្វដទៃទៀត ឬដោយផ្អើលនឹងវត្តមាន របស់អ្នកតាមដាននិងស្រាវជ្រាវសត្វព្រៃ។ សត្វទន្សោង(Bos javanicus)ជាប្រភេទសត្វស្ថិតក្នុងអំបូរ គោសាទិស មានមាឌធំ កម្លាំងខ្លាំង ហើយធន់។
សត្វនេះទំនងជាពូជសត្វដែលផ្តល់ដើមកំណើត ដល់ពពួកគោសាទិសស្រុក ក្នុងតំបន់អាស៊ីអាគ្នេយិ៍ផងដែរ។ អ្នកវិទ្យាសាស្រ្តដដែលបានលើកឡើង ទៀតថា សត្វទន្សោងជាសត្វចំណីមួយប្រភេទដ៏សំខាន់របស់សត្វខ្លាធំ តែថាចំនួននិងការរស់រានរបស់ សត្វទន្សោងកំពុងទទួលរងការគំរាមកំហែងដោយ ការបរបាញ់ ការដាក់អន្ទាក់ ការបាត់បង់ទីជម្រក ដែលបណ្តាលមកពីការកាប់ព្រៃខុសច្បាប់ និងការទន្ទ្រានដីព្រៃ។
ការថតបាននូវរូបភាពវីដេអូដោយ ទូរស័ព្ទដៃមួយនេះបានតម្រូវឲ្យសមាជិកក្រុមស្រាវជ្រាវអត់ធ្មត់ និងប្រុងប្រយ័ត្នខ្ពស់បំផុតដើម្បីធានា សុវត្ថិភាពផ្ទាល់ខ្លួន និងអាចផ្តិតបាននូវភ័ស្តុតាង បញ្ជាក់ពីវត្តមានរបស់សត្វនេះនៅក្នុងតំបន់ ការពារធម្មជាតិដែលសម្បូរដោយប្រភេទជីវៈចម្រុះរបស់កម្ពុជាមួយនេះ៕សុខ ខេមរា