ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងព័ត៌មានហៅសកម្មជនអតីតបក្សប្រឆាំងម្នាក់ថា ប្រឆាំងលុះក្ស័យ

ចែករំលែក៖

ភ្នំពេញ៖ នៅពេលរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ជាប្រមុខបើកយុទ្ធនាការ អនុវត្តរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក ធ្វើឡើងក្នុងគោលបំណង កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយអត្រាស្លាប់ និងរបួសនោះ ស្រាប់តែមានស្រីម្នាក់ ដែលស្គាល់យ៉ាងច្បាស់ថា ជាសកម្មជនលេចធ្លោ ក្នុងជួរអតីតបក្សប្រឆាំង បានសរសេរសារ បញ្ចើញបញ្ចើដល់កងកម្លាំងសមត្ថកិច្ច ក៏ដូចជា ច្បាប់ចរាចរណ៍ ដោយនាងបញ្ជាក់ថា ខ្ញុំសូមមិនគាំទ្រដាច់ខាត ចំពោះច្បាប់ចរាចរណ៍ចេញថ្មី។

 ស្រីម្នាក់ដែលមានគណនីហ្វេសប៊ុក ឈ្មោះ សភា មយូរា បានសរសេរសារនៅលើបណ្តាញសង្គមថា “ខ្ញុំសូមមិនគាំទ្រដាច់ខាត ចំពោះច្បាប់ចរាចរណ៍ចេញថ្មី ចុះអ្នកវិញ?”។

ពាក់ព័ន្ធនឹងសារខាងលើនេះ នៅយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរឡកឡឺយឆ្លើយតបទៅនឹងសកម្មជនខាងលើនេះ វិញថា” ប្រឆាំងទាល់ក្ស័យអ្នកឯទៀត !”។

ចំណែកគណនីហ្វេសប៊ុក ឈ្មោះ ហម សាវង្ស បានលើកឡើងថា “ទោះគាំទ្រ ឬមិនគាំទ្រ គឺជាសិទ្ធិរបស់នាងទេ ឲ្យតែគោរពច្បាប់ចរាចរណ៍ទៅបានហើយ”។

 គួរ បញ្ជាក់ថា លោក កូយ សៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៩ បានចេញដីកាបង្គាប់ឲ្យនាំខ្លួន ជនជាប់ចោទម្នាក់ឈ្មោះ សៅ ឧសភា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅបច្ចុប្បន្ន ស្នាក់នៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជានីតិជន(គេចខ្លួន)។

 បើតាមលោកចៅក្រម ឈ្មោះ សៅ ឧសភា ត្រូវបានចោទប្រកាន់ពីបទ រួមគំនិតក្បត់ និងញុះញង់ឲ្យមានការវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ២០១៩ ជាបទល្មើសព្រហ្មទណ្ឌ និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥៣ មាត្រា៤៩៤ មាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

 តាមរបាយការណ៍លេខ ៣៩៦/២០១៩ របក ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានបញ្ជាក់ថា ឈ្មោះខាងលើនេះពុំមាននៅក្នុងលំនៅដ្ឋាន ឬមូលដ្ឋានរបស់ខ្លួនឡើយ ។ ដូច្នេះតុលាការគប្បីចេញដីកាបង្គាប់ឲ្យចាប់ខ្លួន លើជនត្រូវចោទឈ្មោះ សៅ ឧសភា ដែលមានអត្តសញ្ញាណដូចខាងលើនេះ ដើម្បីបានមកបង្ហាញខ្លួនចំពោះមុខតុលាការ ដើម្បីរកការពិតក្នុងរឿងក្តីនេះ ដោយស្របតាមនីតិវិធីច្បាប់។

 ឃើញថា តាមដីកាបញ្ជូនឲ្យឆ្លើយលេខ ៦៥៩ ម.ព្រ.ទ ចុះថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០១៩ តំណាងអយ្យការបានឯកភាព ស្នើសុំឲ្យចៅក្រមស៊ើបសួរចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលើជនត្រូវ ចោទឈ្មោះ សៅ ឧសភា ដែលមានអត្តសញ្ញាណដូចខាងលើ។

ហេតុដូច្នេះ ចៅក្រមសម្រេច បង្គាប់ឲ្យកងកម្លាំងមានសមត្ថកិច្ច ចាប់ខ្លួនឈ្មោះសៅ ឧសភា មកប្រគល់ខ្លួនជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។ បញ្ជាដល់ប្រធានពន្ធនាគារ ទទួលនិងឃុំខ្លួនបុគ្គលនេះ នឹងត្រូវនាំទៅបង្ហាញដល់ចៅក្រមស៊ើបសួរ ក្នុងរយៈពេលយ៉ាងខ្លីបំផុត៕

ដោយ៖ហេង សូរិយា


ចែករំលែក៖