ខេត្កណ្តាល៖ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ នេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចេញលិខិតព្រមានជាផ្លូវការចំពោះលោកវេជ្ជបណ្ឌិត គូរ គឹមហៀក ប្រធានមន្ទីរសម្រាកព្យាបាល សុធារិទ្ធ បែកចាន និង លោកវេជ្ជបណ្ឌិត ស្រស់ សុភ័ក្ត្រា ម្ចាស់ទុនមន្ទីរសម្រាកព្យាបាលសុធារិទ្ធ បែកចាន ចំពោះកំហុសចំនួន២ករណី ។
មន្ទីរសម្រាកព្យាបាលសុធារិទ្ធ បែកចាន មានទីតាំងស្ថិតនៅផ្ទះលេខ៤០ ផ្លូវលេខ៤ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមព្រមានចំពោះលោកវេជ្ជបណ្ឌិត គូរ គឹមហៀក និង លោកវេជ្ជបណ្ឌិត ស្រស់ សុភ័ក្ត្រា ទៅលេីករណីដែលបានយករថយន្តគិលានសង្គ្រោះទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍មកព្យាបាលនៅក្នុងមន្ទីរសម្រាកព្យាបាលរបស់ខ្លួនខុសទៅនឹងចរាចរណែនាំរបស់ក្រសួងសុខាភិបាល ដែលករណីនេះកេីតឡេីងនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ និង ការយកតម្លៃសេវាព្យាបាលច្រេីនលេីសពីប្រក្រតីដែលមិនមានតារាងតម្លៃច្បាស់លាស់ដាក់នៅក្នុងមន្ទីរសម្រាកព្យាបាលសម្រាប់អោយអតិថិជន ឬ អ្នកជំងឺបានដឹងជាមុនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
បន្ថែមលេីការព្រមាន នេះ ក្រសួងបានធ្វេីការផាកពិន័យស្របតាមច្បាប់ដែលមានជាធរមាន ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល សង្កត់ធ្ងន់ថា ក្នុងករណីមិនគោរពតាមការណែនាំ ក្រសួងសុខាភិបាលនឹងបិទមន្ទីរសម្រាកព្យាបាល សុធារិទ្ធ បែកចាន ព្រមទាំងលោកវេជ្ជបណ្ឌិត គូរ គឹមហៀក និង លោកវេជ្ជបណ្ឌិត ស្រស់ សុភ័ក្ត្រា ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ។
សូមបញ្ជាក់ថា ជនរងគ្រោះ បានចូលទៅព្យាបាលកាលពីយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅគ្លីនីកឯកជនឈ្មោះ«សុធារិទ្ធបែកចាន» ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ប៉ុន្តែក្រុមគ្រូពេទ្យទាំងនោះបន្ទាប់ពីព្យាបាលរួច បានសរសេរនៅក្នុងវិកយបត្រ ថា ជនរងគ្រោះទាំង២នាក់ប្តី ប្រពន្ធ បាក់ដៃ និងបាក់ជើង ធ្វើការព្យាបាលលាងរបួស បន្តោងសេរ៉ូមម្នាក់១កំប្លោក រួចរុំដៃ រុំជើង និង រួចទារលុយចំនួន៧៥០ដុល្លារ ។
ក្រុមគ្រូពេទ្យ បានបង្ខំឲ្យជនរងគ្រោះយកលុយមកបង់ថ្លៃពេទ្យជាបន្ទាន់បើដោះស្រាយមិនទាន់ត្រូវទុកម៉ូតូនៅទីនោះ ចាំយកលុយមកគ្រប់ចំនួនចាំដោះស្រាយគ្នា ។
នេះបើតាមការបញ្ជាក់ពីជនរងគ្រោះនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ នេះ ។
ពួកគាត់បានអះអាងថា គាត់របួសរលាត់ស្បែកបន្តិចបន្តួច តែប៉ុណ្ណោះមិនបានបាក់ដៃ បាក់ជើង ដូចគ្រូពេទ្យ និយាយនោះទេ ហេតុអ្វីគ្រូពេទ្យសរសេរថាគាត់២នាក់ប្តី ប្រពន្ធបាក់ដៃ និងបាក់ជើងទៅវិញ រួចទារលុយជិត១០០០ដុល្លារ។ គាត់អ្នកក្រីក្រមានលុយឯណាទៅបើច្រើនម្លឹងៗ។
ពួកគាត់បានសំណូមពរដល់ក្រសួងសុខាភិបាលមេត្តាចុះត្រួតពិនិត្យមើល គ្លីនីកមួយនេះផង។
ជុំវិញបញ្ហានេះដែរ បានទំនាក់ទំនងទៅគ្លីនិកសុធារិទ្ធបែកចាន ដែរ តែទូរស័ព្ទមិនអាចទំនាក់ទំនងបាន៕ដោយ៖ចេស្ដា