ខេត្តពោធិ៍សាត់៖ ពិតជាគួរឲ្យសោកស្ដាយខ្លាំងណាស់ទម្រាំធ្វើផ្ទះបានប៉ុននេះគឺមិនងាយនោះទេ ផ្ទះ១ខ្នង និងជង្រុកស្រូវត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង នៅគ្រាដែលឪពុកម្ដាយចេញដំណើរទៅទិញអីវ៉ាន់នៅឯផ្សារហើយកូនប្រុសព្រោះតែចង់ជួយរំលែកការងារឪពុកម្តាយខំបង្កាត់ភ្លើងដាក់ដាំបាយ ប៉ុន្តែជាអកុសលភ្លើងបានរាលឆេះផ្ទះនិងជង្រុកស្រូវព្រមទាំងសម្ភារក្នុងផ្ះអស់ទាំងស្រុង ។
ហេតុការណ៍អគ្គិភ័យឆាបឆេះលំនៅឋានអស់ទាំងស្រុងនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៩ និង១២នាទី ព្រឹកថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចកោះទទឹង ស្ថិតក្នុងភូមិកោះស្វាយ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
តាម របាយការណ៍នគរបាលស្រុកតាលោសែនជ័យបានឱ្យដឹងថា ផ្ទះសម្បែងដែលត្រូវបានអគ្គិភ័យឆាបឆេះនេះមានទំហំ ៦ម៉ែត្រ គុណនឹង ៧ម៉ែត្រ ដំបូលប្រក់ហ្វុីប្រូសុីម៉ង់ត៍ ជញ្ជាំងបាំងក្ដារ រនាបក្រាលក្ដារ ។ ចំណែកជង្រុកស្រូវទំហំ ៤ម៉ែត្រ គុណនឹង ៦ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងក្ដារ។ ចំពោះសម្ភារៈខូចខាតរួមមាន៖ ស្រូវចំនួន ១.៥០០គីឡូក្រាម អង្ករចំនួន ១០០គីឡូក្រាម ខ្សែកមាសទម្ងន់ចំនួន៣ជី ពាងទឹកចំនួន ៥ សម្ភារៈផ្សេងៗឆេះអស់ទាំងស្រុង ។
របាយការណ៍នគរបាលខាងលើបន្តថា ម្ចាស់ឈ្មោះ ទាន់ ទឹម អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ ប្រពន្ធឈ្មោះ ប៉ាក់ ផន អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ និងកូនម្នាក់ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ មូលហេតុ៖ ឪពុកម្ដាយទៅទិញអីវ៉ាន់នៅឯផ្សារ ស្រុកបាកាន កូនប្រុសបង្កាត់ភ្លើងដាក់ដាំបាយ ប៉ុន្តែមិនដឹងជាយ៉ាងម៉េចស្រាប់តែរាលឆេះបែបនេះ ៕ បុឹម ពិន