ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានមន្ទីរសម្រាកព្យាបាល​ សុធារិទ្ធ​ បែកចាន​ ត្រូវរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ចេញលិខិតព្រមានជាផ្លូវការ

ចែករំលែក៖

ខេត្កណ្តាល៖ នៅថ្ងៃទី៨​ ខែឧសភា​ ឆ្នាំ២០២០​ នេះ​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ ចេញលិខិតព្រមានជាផ្លូវការចំពោះលោកវេជ្ជបណ្ឌិត​ គូរ​ គឹមហៀក​ ប្រធានមន្ទីរសម្រាកព្យាបាល​ សុធារិទ្ធ​ បែកចាន​ និង​ លោកវេជ្ជបណ្ឌិត​ ស្រស់​ សុភ័ក្ត្រា​ ម្ចាស់ទុនមន្ទីរសម្រាកព្យាបាលសុធារិទ្ធ​ បែកចាន​ ចំពោះកំហុសចំនួន២ករណី​ ។

មន្ទីរសម្រាកព្យាបាលសុធារិទ្ធ​ បែកចាន​ មានទីតាំងស្ថិតនៅផ្ទះលេខ៤០​ ផ្លូវលេខ៤​ ឃុំបែកចាន​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​ ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ សូមព្រមានចំពោះលោកវេជ្ជបណ្ឌិត​ គូរ​ គឹមហៀក​ និង​ លោកវេជ្ជបណ្ឌិត​ ស្រស់​ សុភ័ក្ត្រា​ ទៅលេីករណីដែលបានយករថយ​ន្តគិលានសង្គ្រោះទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍មកព្យាបាលនៅក្នុងមន្ទីរសម្រាកព្យាបាលរបស់ខ្លួនខុសទៅនឹងចរាចរណែនាំរបស់ក្រសួងសុខាភិបាល​ ដែលករណីនេះកេីតឡេីងនៅថ្ងៃទី៦​ ខែឧសភា​ ឆ្នាំ២០២០​ និង​ ការយកតម្លៃសេវាព្យាបាលច្រេីនលេីសពីប្រក្រតីដែលមិនមានតារាងតម្លៃច្បាស់លាស់ដាក់នៅក្នុងមន្ទីរសម្រាកព្យាបាលសម្រាប់អោយអតិថិជន​ ឬ​ អ្នកជំងឺបានដឹងជាមុនទៅតាមការណែ​នាំរបស់ក្រសួងសុខាភិបាល​ ។

បន្ថែមលេីការព្រមាន​ នេះ​ ក្រសួងបានធ្វេីការផាកពិន័យស្របតាមច្បាប់ដែលមានជាធរមាន​ ។

ជាមួយគ្នានេះ​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ សង្កត់ធ្ងន់ថា​ ក្នុងករណីមិនគោរពតាមការណែនាំ​ ក្រសួងសុខាភិបាលនឹងបិទ​មន្ទីរសម្រាកព្យាបាល​ សុធារិទ្ធ​ បែកចាន​ ព្រមទាំងលោកវេជ្ជបណ្ឌិត​ គូរ​ គឹមហៀក​ និង​ លោកវេជ្ជបណ្ឌិត​ ស្រស់​ សុភ័ក្ត្រា​ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន​ ។

សូមបញ្ជាក់ថា​ ជនរងគ្រោះ​ បានចូលទៅព្យាបាលកាលពីយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅគ្លីនីកឯកជនឈ្មោះ«សុធារិទ្ធបែកចាន» ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប៉ុន្តែក្រុមគ្រូពេទ្យទាំងនោះបន្ទាប់ពីព្យាបាលរួច បានសរសេរនៅក្នុងវិកយបត្រ ថា​ ជនរងគ្រោះទាំង២នាក់ប្តី ប្រពន្ធ បាក់ដៃ និងបាក់ជើង ធ្វើការព្យាបាលលាងរបួស បន្តោងសេរ៉ូមម្នាក់១កំប្លោក រួចរុំដៃ រុំជើង និង រួចទារលុយចំនួន៧៥០ដុល្លារ​ ។

ក្រុមគ្រូពេទ្យ​ បានបង្ខំឲ្យជនរងគ្រោះយកលុយមកបង់ថ្លៃពេទ្យជាបន្ទាន់បើដោះស្រាយមិនទាន់ត្រូវទុកម៉ូតូនៅទីនោះ ចាំយកលុយមកគ្រប់ចំនួនចាំដោះស្រាយគ្នា ។

នេះបើតាមការបញ្ជាក់ពីជនរងគ្រោះនៅថ្ងៃទី៨​ ខែឧសភា​ ឆ្នាំ២០២០​ នេះ​ ។

ពួកគាត់បានអះអាងថា គាត់របួសរលាត់ស្បែកបន្តិចបន្តួច តែប៉ុណ្ណោះមិនបានបាក់ដៃ បាក់ជើង ដូចគ្រូពេទ្យ និយាយនោះទេ ហេតុអ្វីគ្រូពេទ្យសរសេរថាគាត់២នាក់ប្តី ប្រពន្ធបាក់ដៃ និងបាក់ជើងទៅវិញ រួចទារលុយជិត១០០០ដុល្លារ។ គាត់អ្នកក្រីក្រមានលុយឯណាទៅបើច្រើនម្លឹងៗ។

ពួកគាត់បានសំណូមពរដល់ក្រសួងសុខាភិបាលមេត្តាចុះត្រួតពិនិត្យមើល គ្លីនីកមួយនេះផង។

ជុំវិញបញ្ហានេះដែរ បានទំនាក់ទំនងទៅគ្លីនិកសុធារិទ្ធបែកចាន ដែរ តែទូរស័ព្ទមិនអាចទំនាក់ទំនងបាន៕ដោយ៖ចេស្ដា


ចែករំលែក៖