ព័ត៌មានទាន់ហេតុការណ៍៖

ល្បាតប៉ះគោយន្តដឹកឈើអារឃាត់ទុកបន្តនីតិវិធី

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ អភិបាលរងស្រុកតាលោសែនជ័យ ដឹកនាំកម្លាំងអធិការដ្ឋាន កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្ទះរុង និងតាលោសែនជ័យ ចុះល្បាតការពារសន្តិសុខក្នុងដែនរដ្ឋបាលរបស់ខ្លួន ប្រទះឃើញគោយន្ត ១គ្រឿងមានផ្ទុកឈើអារដែលសង្ស័យថាគ្មានលិខិតអនុញ្ញាត ក៏ឃាត់ទុកដើម្បីរង់ចាំបន្តនីតិវិធី ។

 ករណីល្បាតប្រទះឃើញគោយន្តដឹកឈើអារខាងលើ គឺនៅវេលាម៉ោង១ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវកៅស៊ូ ស្ថិតក្នុងភូមិក្រញាំ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

 តាមរបាយការណ៍របស់នគរបាលស្រុកតាលោសែនជ័យបានឱ្យដឹងថា ម្ចាស់គោយន្តកន្រ្តៃផ្ទុកឈើអារខាងលើឈ្មោះ ប៊ី សាមុត ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិចម្ការអូរ ឃុំត្រពាំងជង ស្រុកបាកានខេត្តពោធិ៍សាត់។ចំណែកវត្ថុតាងគោយន្ដមានផ្ទុកឈើអារពេញ បានរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ រង់ចាំបន្តនីតិវិធី ៕ ដោយ៖ បុឹម ពិន


ចែករំលែក៖