ខេត្តព្រះវិហារ៖ កាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុករវៀង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរមណីយ បានចុះអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន របស់តុលាការខេត្តព្រះវិហារ ហើយបានរកឃើញនូវសារធាតុញៀនមួយចំនួនទៀត។
លោកវរសេនីយ៍ឯក សាយ ដេត អធិការនគរបាលស្រុករវៀងបានឲ្យដឹងថា ក្នុងការចុះអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៤៥គព្រ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ដោយលោក ជៀន ស្រស់ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះវិហារ បង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទឈ្មោះ ផាន សង់ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ។
លោកអធិការបានបន្តថា ជនត្រូវចោទឈ្មោះ ផាន សង់ ត្រូវបានចោទពីបទរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តឡើងនៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ ។
លោកបានបន្តថា នៅពេលចាប់ខ្លួនបានសមត្ថកិច្ចរកឃើញគ្រឿងញៀនចំនួន៣កញ្ចប់បន្ថែមទៀតក្នុងនោះ (២កញ្ចប់ធំនិង១កញ្ចប់តូច)និងសម្ភារប្រើប្រាស់មួយចំនួន។ បច្ចុប្បន្នជនត្រូវចោទនិងវត្ថុតាងត្រូវបានបញ្ជូនទៅតុលាការខេត្តព្រះវិហារ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ដោយ!មាស សុផាត